ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃកម្ពុជា ថ្កោលទោសសកម្មភាពរដ្ឋបាលដែនដីខេត្តស្រះកែវ និងកងកម្លាំងប្រដាប់អាវុធថៃ ចូលឈូសឆាយដីធ្លីពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់

ភ្នំពេញ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះរដ្ឋបាលដែនដីខេត្តស្រះកែវ និងកងកម្លាំងប្រដាប់អាវុធចម្រុះថៃ ដែលបានបន្តធ្វើសកម្មភាពឈូសឆាយដីធ្លី បំពានដែនអធិបតេយ្យភាពកម្ពុជា និងធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋខ្មែរ រស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។

ទង្វើភាគីថៃលើកនេះ បានធ្វើឱ្យមជ្ឈដ្ឋានជាតិ និងសាធារណមតិអន្តរជាតិពេញសកលលោក រួមទាំងពលរដ្ឋថមានវិចារណញ្ញាណមួយចំនួនផងនោះ កាន់តែមានក្តីតប់ប្រមល់ទុលពុទ្ធោ ដ្បិតវាបានប្រាសចាកពីច្បាប់ និងសិទ្ធិសញ្ញាអន្តរជាតិជាគំរូអាក្រក់ និងអន់ថយមួយដែលមិនគួរកើតមានក្នុងតំបន់អាស៊ាន និងពិភពលោក។

ទង្វើគឃ្លីនជាបន្តបន្ទាប់ឥតអៀនខ្មាស ពីរដ្ឋបាលដែនដីខេត្តស្រះកែវ និងកងកម្លាំងប្រដាប់អាវុធចម្រុះថៃ ជាការរំលោភគោលការណ៍កម្មសិទ្ធិក្នុងនីតិអន្តរជាតិ ដែលច្បាប់តម្រូវរកឱ្យឃើញជាមុនសិនថា ជារបស់អ្នកណា។ ជាក់ស្តែងចំណុចរំលោភបំពាននោះ បានកំពុងស្ថិតក្រោមការកាន់កាប់ រស់នៅអាស្រ័យផល នៃពលរដ្ឋកម្ពុជាស្រស់ៗ តៗជំនាន់ តាំងពីកកើតសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ មកម្ល៉េះ៕

To Top