ព័ត៌មានជាតិ

សមាគមខ្មែរនៅប្រទេសជប៉ុន ចេញញត្តិថ្កោលទោស ចំពោះសកម្មភាព កងកម្លាំងសមត្ថកិច្ចថៃ

ភ្នំពេញ៖ សមាគមខ្មែរ ដែលមានមូលដ្ឋាន នៅប្រទេសជប៉ុន នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥នេះ បានចេញញត្តិថ្កោលទោស ចំពោះសកម្មភាព របស់កងកម្លាំងសមត្ថកិច្ចថៃ ដែលបានរំលោភលើកិច្ច ព្រមព្រៀងបទឈប់បាញ់ និងរំលោភលើស្មារតីនៃកិច្ចព្រមព្រៀម GBC និង RBC។

ការថ្កោលទោសរបស់សមាគមខ្មែរនៅជប៉ុននាពេលនេះ គឺធ្វើឡើងបន្ទាប់ពី កងកម្លាំងសមត្ថកិច្ចថៃ ប្រដាប់ដោយដំបង និងខែល ព្រមទាំងឧបករណ៍ផ្សេងៗជាច្រើន កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានធ្វើសកម្មភាពរាវមីន និងប្រើគ្រឿងចក្រឈូសឆាយដី ដែលពួកគេបានព័ទ្ធរបងលួស នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានន័យ ដែលជាអំពើឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងកំរោល និងយ៉ាងគឃ្លើនបំផុត តាមរយៈការអនុវត្តច្បាប់ថៃ មកលើដែនអធិបតេយ្យរបស់កម្ពុជា។

នៅក្នុងញត្តិថ្កោលទោសពីប្រទេសជប៉ុន សមាគមខ្មែរ នៅជប៉ុន បានអះអាងថា ក្នុងខណៈដែលកម្ពុជា បាននិងកំពុងប្រកាន់ជំហរ គោរពកិច្ចព្រមព្រៀង បទឈប់បាញ់ ភាគីថៃបានបន្តរំលោភកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានឯកភាពនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលមានន័យថា ភាគីទាំងពីរត្រូវឈប់បាញ់ភ្លាមៗ និងត្រូវរក្សាទីតាំងខ្លួនឈរជើង នៅពេលបទឈប់បាញ់ចូលជាធរមាន។

បើតាមញត្តិដដែល ភាគីថៃ ក៏បានរំលោភលើអនុស្សរណៈនៃការយោគយល់គ្នា ត្រង់ចំណុចទី២ មាត្រា ៤ នៃ MoU ឆ្នាំ២០០០ និងរំលោភស្មារតីនៃកិច្ចប្រជុំ GBC និង RBC ដែលភាគីទាំងពីរបានឯកភាពគ្នាថា ត្រូវរក្សាកម្លាំងទ័ពនៅទីតាំងដើមដែលខ្លួនកាន់កាប់ គិតត្រឹមពេលឈប់បាញ់ចូលជាធរមាន ដោយមិនត្រូវចល័ត កងកម្លាំងដោយរួមទាំងការល្បាតផង សំដៅទៅកាន់ទីតាំងរបស់ភាគីម្ខាងទៀត។

ជាមួយគ្នានេះ សមាគមខ្មែរ នៅជប៉ុន ក៏បានអំពាវនាវ ឱ្យសហគមន៍អន្តរជាតិថ្កោលទោស ចំពោះអំពើរំលោភបំពានរបស់ភាគីថៃ និងចាត់វិធានការ ចាំបាច់បំផុត ដើម្បីបង្ខំឱ្យប្រទេសនេះបញ្ឈប់សកម្មភាព ឈ្លានពានយ៉ាងគឃ្លើនបែបនេះតទៅទៀត មកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា៕

To Top