ព័ត៌មានជាតិ

សហគមន៍ខ្មែរនៅជប៉ុន ប្រមូលផ្តុំគ្នា សម្តែងមតិថ្កោលទោសថៃ ដែលបានបន្តទន្ទ្រានទឹកដីកម្ពុជា

ជប៉ុន៖ សហគមន៍ខ្មែរ នៅជប៉ុន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ បានប្រមូលផ្តុំគ្នា នៅកណ្តាលទីក្រុងតូក្យូ និងខេត្តក្យូតុ ដើម្បីសម្តែងមតិថ្កោលទោស កងកម្លាំងចម្រុះថៃ ដែលបានបន្តទន្ទ្រាន ឈូសឆាយដី នៅភូមិព្រៃចាន់ ឃុំអូជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាស្ថិតនៅក្នុងដែន អធិបតេយ្យភាព របស់កម្ពុជា ។ បន្ថែមពីនេះ ការប្រមូល​ផ្ត៉ំរបស់សហគមន៍ខ្មែរនេះ ក៏មានការដាក់ញត្តិទៅកាន់ស្ថានទូត សហរដ្ឋអាមេរិក ម៉ាឡេស៊ី និងបារាំងប្រចាំប្រទេស​ជប៉ុន ដើម្បីអំពាវនាវឱ្យថ្កោលទោស ចំពោះអំពើរំលោភបំពានរបស់អាជ្ញាធរថៃ និងចាត់វិធានការបន្ទាន់ និងយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីដាក់សម្ពាធលើប្រទេសនេះ បញ្ឈប់សកម្មភាពយ៉ាងគគ្លើននេះ ។

អ្នករៀបចំកម្មវិធីបានឱ្យដឹងថា ការប្រមូលផ្តុំនេះធ្វើឡើង ក្នុងគោលបំណងសំខាន់ៗ ដើម្បីប្រកាសថ្កោលទោស ចំពោះអំពើរំលោភបំពាន លើដែនអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់កម្ពុជា និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ លើប្រជាពលរដ្ឋខ្មែរស្លូតត្រង់។

សហគមន៍ខ្មែរនៅប្រទេសជប៉ុន ទាមទារឱ្យអាជ្ញាធរថៃ បញ្ឈប់នូវទង្វើរំលោភបំពាន និងអំពើហិង្សាទាំងអស់នេះ ជាបន្ទាន់ និងគោរពកិច្ចព្រមព្រៀង បទឈប់បាញ់ ស្មារតី នៃកិច្ចប្រជ៉ំ GBC និង RBC, MOU ឆ្នាំ២០០០ និងគោលការណ៍សិទ្ធិមនុស្ស ក៏ដូចជាច្បាប់មនុស្សធម៌អន្តរជាតិជាធរមាន ៕

To Top