ព័ត៌មានជាតិ

ការអត់ធ្មត់ ក្នុងយុទ្ធសាស្ត្រ​ មិនមែនជាការ ខ្លាចចុះចាញ់សត្រូវទេ តែដើម្បីកសាងប្រៀបឈ្នះ​ នៅពេលដែលពេលវេលាមកដល់!

នៅក្នុងជម្លោះព្រំដែនជាមួយថៃប៉ុន្មានខែមកនេះ ជាពិសេសចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់​ ចូលជាធរមានកាលពីពាក់កណ្តាលអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក រាជរដ្ឋាភិបាលកម្ពុជា​ បានបង្ហាញការអត់ធ្មត់ខ្ពស់បំផុតនៅចំពោះមុខភាពគឃ្លើន​ ក្នុងការរំលោភបំពានបទឈប់បាញ់ពីសំណាក់ភាគីថៃ។

មានមតិមួយចំនួនដែលអន្ទះសារចង់ឃើញរាជរដ្ឋាភិបាលតបតជាមួយ ថៃវិញឱ្យសមនឹងទង្វើរបស់ពួកគេនោះ បានស្តីបន្ទោសរាជរដ្ឋាភិបាល​ ពិសេសប្រមុខដឹកនាំទាំងពីរ​ គឺលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត ថាហេតុអ្វីត្រូវនៅស្ងៀមហើយអនុញ្ញាតឱ្យថៃធ្វើបែបនេះ?

ពិតណាស់ ខ្ញុំផ្ទាល់ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទៅ​ សុទ្ធតែមានអារម្មណ៍អន្ទះសារបែបនេះដូចគ្នា​ ក្នុងនាមជាខ្មែរដែលឈឺចាប់ចំពោះភាពគឃ្លើនរបស់ពួកឈ្លានពានសៀម​ ដែលពោរពេញទៅដោយ ពុតត្បុត ក្រឡិចក្រឡុច និងហួងហែងគ្មានការអៀនខ្មាស។ យើងក៏ជឿជាក់ដែរថា ប្រមុខដឹកនាំ

រាជរដ្ឋាភិបាល​ ក៏ពិតជាមានការឈឺចាប់ហើយ​ ឈឺចាប់លើសពីពួកយើងទៅទៀត។ ប៉ុន្តែអ្វីដែលយើង ត្រូវដឹងគឺ ថ្នាក់ដឹកនាំប្រទេសត្រូវគិតគូរគ្រប់ជ្រុងជ្រោយ និងមើលឃើញវែងឆ្ងាយជាងយើងឆ្ងាយណាស់។ 

តាមការសិក្សានិងស្រាវជ្រាវរបស់ខ្ញុំខ្លះៗ​ អំពីក្បួនពិជ័យសង្គ្រាម មេទ័ពដែលខ្លាំងនិងឆ្លាតវៃគឺអាស្រ័យ ទៅលើយុទ្ធសាស្ត្រ ហើយស្គាល់ច្បាស់​ អំពីកម្លាំងខ្លួនឯងនិងកម្លាំងសត្រូវ និងចេះប្រើប្រាស់ពេលវេលាបានត្រឹមត្រូវ ពោលគឺត្រូវដឹងថា តើពេលណាត្រូវធ្វើអ្វី ព្រោះ «ពេលវេលាគឺជាអាវុធ យុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពបំផុត»។ ពិតណាស់ ចំនួនកងទ័ពច្រើន និងសព្វាវុធទំនើបហើយសម្បូរបែប​ គឺជាអំណោយផលមួយ​ នៅក្នុងសង្គ្រាម ប៉ុន្តែវាមិនមែនជាកត្តាកំណត់ពីជោគជ័យនោះទេ។ ជួនកាល អ្នកមានគ្នាតិច កងទ័ពខ្សោយ និងសព្វាវុធតិចហើយមិនសូវទំនើប ប៉ុន្តែបើមានមេទ័ពខ្លាំង ឆ្លាត និងក្តាប់បានសភាពការណ៍ច្បាស់លាស់ ជ័យជំនះនៅរង់ចាំអ្នកនោះទៅវិញទេ។

ងាកមកមើលជម្លោះកម្ពុជាថៃវិញ ភាពអត់ធ្មត់របស់កម្ពុជាគឺជារឿងត្រឹមត្រូវពីព្រោះក្នុងទ្រឹស្តីសង្គ្រាម អ្នកដែលតាំងខ្លួនថាខ្លាំងតែងតែអួតក្អេងក្អាងដើម្បីបំបាក់ស្មារតីគូបដិបក្ខ ប៉ុន្តែក្នុងស្ថានភាពខ្លះ អំនួតគឺជាប្រភពនៃបរាជ័យ ខណៈដែលជោគជ័យ នៅទីបំផុត ធ្លាក់ទៅលើដៃអ្នកស្ងៀមស្ងាត់ទៅវិញទេ។ នេះគឺជាយុទ្ធសាស្ត្រដែលថ្នាក់ដឹកនាំកម្ពុជាកំពុងប្រកាន់យក។ អ្វីដែលគួរឱ្យកត់សម្គាល់ ការអត់ធ្មត់ មាននៅលើផ្នែកយោធា ប៉ុន្តែសមរភូមិការទូត​ មានភាពពុះកញ្ជ្រោលខ្លាំងនៅខាងភាគីកម្ពុជា។ នេះជាប្រៀបខ្លាំងមួយ​ ដែលមិនអាចមើលរំលងបាន ពីព្រោះបើយើងខ្សោយជាងសត្រូវ អាវុធដ៏សំខាន់ដែលយើងត្រូវប្រើ គឺអាវុធការទូត ចំណែកកងទ័ពគឺជាជម្រើសចុងក្រោយបំផុត។ 

ការអត់ធ្មត់របស់កម្ពុជា​ ក៏បានផ្តល់ផលដ៏ធំធេងជារៀងរាល់ថ្ងៃ តែមិនសូវមានអ្នកណាគិតដល់នោះទេ។ ជាក់ស្តែង បើកម្ពុជាមិនអត់ធ្មត់ សង្គ្រាមមុខជាផ្ទុះឡើងសារជាថ្មីយូរមកហើយ។ យើងអាចស្រមៃមើលថា ប្រសិនបើសង្គ្រាមកើតជាថ្មីម្តងទៀត អ្វីដែលជាលទ្ធផលគឺការស្លាប់ និងរបួសរបស់កងទ័ព ជនស៊ីវិល ការខូចខាតផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធនានា និងពិសេសការខូចខាត​ ខាងសេដ្ឋកិច្ចមានទំហំធំធេងណាស់។ល។ ហើយបើសង្គ្រាមលើកទី២ នេះផ្ទុះមែន ប្រហែលជាពិបាករកទីបញ្ចប់ណាស់។ មហន្តរាយដ៏ធំធេង​ មកលើប្រទេសជាតិនិងប្រជាជនក៏មានរយៈពេលយូរ​ និងពិបាកស្តារឡើងវិញដែរ។

ដូច្នេះ ការអត់ធ្មត់ពិតជាអាចបញ្ចៀសបាន​ នូវវិនាសកម្មយ៉ាងធំធេងទាំងនោះ ហើយក៏ជាពេលវេលាដ៏មានតម្លៃ​ ដែលយើងអាចត្រៀមខ្លួន​ សម្រាប់ទប់ទល់ជាមួយសត្រូវ។

បងប្អូនមួយចំនួនគិតថា ការដែលថៃបានដាក់បន្លាលួសនិងកង់ឡាននៅលើតំបន់មួយចំនួន ថៃនឹងអាចអះអាងភាពជាម្ចាស់កម្មសិទ្ធិរបស់ខ្លួន ដូចអ្វីដែលបានកើតឡើងរួចហើយ​ នៅលើពិភពលោក។ ប៉ុន្តែ តាមពិតវាមិនមែនដូច្នេះទេ ពីព្រោះថៃមិនមែនជាប្រទេស​ ដែលមានអំណាចអាចធ្វើអ្វីបានតាមទំនើងចិត្តនោះឡើយ។ អ្វីដែលថៃបានធ្វើ ហើយបាននិងកំពុងអួតអាងគឺជាអំនួត​ លើសពីភាពជាក់ស្តែងរបស់ខ្លួនហើយ។ នេះ ជាសញ្ញាគ្រោះថ្នាក់សម្រាប់អនាគតប្រទេសថៃ ពីព្រោះច្បាប់អន្តរជាតិ​ មិនអាចអនុញ្ញាតឱ្យប្រទេស នេះធ្វើអ្វីតាមទំនើងចិត្តឡើយ។ 

សរុបមកវិញ នយោបាយអត់ធ្មត់របស់កម្ពុជា​ គឺជារឿងត្រឹមត្រូវទាំងនៅចំពោះមុខនិងទាំងសម្រាប់ ថ្ងៃអនាគត។ ការរក្សាបានសុខសន្តិភាព​ នៅតែជាកត្តាចម្បងជាងគេបំផុត​ សម្រាប់កម្ពុជាបច្ចុប្បន្ន។ ការប្រកាន់យកភាពអត់ធ្មត់នេះ​ គឺជាជម្រើសល្អជាងគេហើយ ពីព្រោះវាផ្តល់លទ្ធផលអាក្រក់តិចជាង ជម្រើសដទៃ។ សូមជនរួមជាតិយើងចងចាំចុះថា ដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃមិនអាចដោះស្រាយ​ បានក្នុងរយៈពេលឆាប់នោះទេ ពោលគឺវាត្រូវការរយៈពេលយូរទៅមុខទៀត។ ដូច្នេះ ភាពអត់ធ្មត់គឺជាជម្រើស​ ដែលមិនអាចចៀសវាងបាន និងជាពេលវេលា​ ដែលយើងត្រូវនាំគ្នាពិចារណា ដើម្បីកសាងភាពខ្លាំងរបស់យើង។

ផ្ទុយទៅវិញ ប្រសិនបើយើងអស់ការអត់ធ្មត់ គឺយើងនឹងធ្លាក់ក្នុងអន្ទាក់របស់សត្រូវហើយ។ ដូច្នេះ សូមកុំផ្តល់ឱកាសឱ្យសត្រូវ ហើយសូមខ្មែរទាំងឡាយរួបរួមសាមគ្គីគ្នា​ ជាធ្លុងមួយ ហើយទុកពេលឱ្យថ្នាក់ដឹកនាំ​ ចាត់ចែងទើបជាការល្អ ពីព្រោះមានតែថ្នាក់ដឹកនាំទេ​ ដែលយល់ច្បាស់អំពីកិច្ចការនេះ។

យើងឈឺចិត្តជាមួយថៃ។ ប៉ុន្តែយើងកុំឈឺចិត្តជាមួយរដ្ឋាភិបាលយើងដែលកំពុងគិតគូរពីសុខទុក្ខរបស់យើងនិងប្រទេសជាតិរបស់យើង។ ផ្ទុយទៅវិញ យើងគួរគប្បីប្រែក្លាយការឈឺចាប់នោះទៅជាកម្លាំងមហាសាមគ្គីជាតិដ៏រឹងមាំនៅពីក្រោយរាជរដ្ឋាភិបាលហើយត្រូវយល់ថា ការអត់ធ្មត់ក្នុងយុទ្ធសាស្ត្រ មិនមែនជាការខ្លាចចុះចាញ់សត្រូវនោះទេ តែអត់ធ្មត់ដើម្បីប្រៀបឈ្នះ​ នៅពេលដែលពេលវេលាមកដល់៕

ដោយ វង្ស មករា សាស្ត្រាចារ្យនិងអ្នកវិភាគនយោបាយ

To Top