លោក ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ ហេដ្ឋារចនាសម្ព័ន្ធជនបទ នៅក្នុងខេត្តកោះកុង

កោះកុង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជន នាព្រឹកថ្ងៃថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំមន្រ្ដីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ដោយមានការចូល រួមពីអាជ្ញាធរខេត្ត ស្រុក អញ្ជើញចុះពិនិត្យការដ្ឋាន សាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទ នៅក្នុងខេត្តកោះកុង ។

ហេដ្ឋារចនាសម្ព័ន្ធជនបទ ទាំងនោះរួមមាន៖
ទី១៖ ការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវកម្រាលបេតុ ១ខ្សែ មានប្រវែងសរុប ២៦,១០គ.ម ក្នុងនោះផ្លូវក្រាលកៅស៊ូពីរជាន់ប្រវែង ១៦,៧១៥គ.ម ទទឹង ៨ម៉ែត្រ និងផ្លូវបេតុងប្រវែង ៩,៣៨៥គ.ម ទទឹងមានប្រវែងចន្លោះពី ៨ម៉ែត្រ ទៅ ១០ម៉ែត្រ ។ ផ្លូវនេះតភ្ជាប់ពីផ្លូវជាតិលេខ៤៨ ត្រង់គីឡូម៉ែត្រ១១៧ ស្ថិតនៅក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ដល់ភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ។ ខ្សែផ្លូវនេះ ចាប់ផ្តើមសាងសង់ពីខែមីនា ឆ្នាំ២០២៤ បច្ចុប្បន្នសម្រេចបានវឌ្ឍនភាព ៧៥% គ្រោងនឹងបញ្ចប់នៅពេលឆាប់ៗខាងមុខនេះ។ ប្រជាពលរដ្ឋដែលជាអ្នកទទួលផលដោយផ្ទាល់ និងដោយប្រយោលសរុបចំនួន សរុបចំនួន ៨៩៥គ្រួសារ ស្មើនឹង ៣ ៤២៧នាក់។

ទី២៖ ស្រះទឹកសហគមន៍១កន្លែង ស្ថិតនៅក្នុងភូមិ ត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ដែលមានបណ្ដោយប្រវែង ៤០ម៉ែត្រ និងទទឹង ៣៥ម៉ែត្រ មានសមត្ថភាពផ្ទុកទឹកបាន ៦ ៣០០ ម៉ែត្រគូប ។ ស្រះសហគមន៍នេះ ត្រូវបានសាងសង់ក្នុងខែកញ្ញា ឆ្នាំ២០២៤ បម្រើផលប្រយោជន៍ ដល់ប្រជាជនក្នុងមូលដ្ឋានចំនួន ៥៨៤គ្រួសារ ស្មើនឹង ២ ៧៤៧នាក់។ ជារួមខ្សែផ្លូវមួយខ្សែនេះ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ ដែលតភ្ជាប់ទីប្រជុំជនស្រុកថ្មបាំងមកផ្លូវជាតិលេខ៤៨ និងឆ្ពោះទៅក្រុងខេមរភូមិ ដែលជាទីប្រជុំជន សំខាន់របស់ខេត្តកោះកុង ។

ផ្លូវ និងស្រះសហគមន៍នេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងពង្រឹង សមត្ថភាពផលិតភាពជនបទ (NRRPCP) ទទួលបានហិរញ្ញប្បទានសប្បទាន ពីធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដោយត្រូវស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងបេតុងសរុបប្រវែង ២៧០គ.ម និងមានសំណង់សិល្បការ្យ ព្រមទាំងស្រះទឹកសហគមន៍ចំនួន ១១៨ស្រះ នៅក្នុងខេត្តគោលដៅចំនួន ៥ខេត្ត រួមមាន ខេត្តប៉ៃលិន កោះកុង កំពង់ឆ្នាំង ព្រៃវែង និងត្បូងឃ្មុំ ។

សូមជម្រាបជូនផងដែរថា ក្នុងឱកាសចុះពិនិត្យការដ្ឋាន សាងសង់ផ្លូវខាងលើ លោករដ្ឋមន្ដ្រី បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុន ទទួលការសាងសង់ប្រចាំការ នៅការដ្ឋាន ផ្ទាល់ឱ្យពន្លឿនការសាងសង់ ដោយត្រូវយកចិត្តទុកដាក់អនុវត្ត ឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស និងគំនូសប្លង់ ដូចមានក្នុងកិច្ចសន្យាការងារ ក្នុងគោលបំណងធានាឱ្យបានផ្លូវជាប់ប្រកបដោយគុណភាព មានភាពធន់ និងប្រើប្រាស់ បានយូរអង្វែង ៕








