ក្រសួងការងារ ចេញសេចក្ដីណែនាំ ដើម្បីពង្រឹងវិធានការសុវត្ថិភាព និងសុខភាពការងារ ក្នុងករណីមានគ្រោះជំនន់ទឹកភ្លៀង

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៣ ខែតុលានេះ បានចេញសេចក្តីណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ និងកម្មករ និយោជិតទាំងអស់ ដែលស្ថិតក្នុងដែន អនុវត្តច្បាប់ស្ដីពីការងារ ចូលរួមពង្រឹងវិធានការ សុវត្ថិភាព និងសុខភាពការងារ ក្នុងករណីមាន គ្រោះជំនន់ទឹកភ្លៀង ដើម្បីបង្ការហានិភ័យដែល អាចកើតមានឡើងជាយថាហេតុ ។
តាមរយៈសេចក្តីជូនដំណឹង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ជូនទៅម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ នូវការណែនាំ ១០ចំណុច ដើម្បីបង្ការហានិភ័យ ដែលអាចកើតមានឡើងជាយថាហេតុ ដោយសារគ្រោះជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រ ដែលមានសហគ្រាស ក្រុមហ៊ុន រោងចក្រ និងកន្លែងស្នាក់នៅរបស់កម្មករនិយោជិត ។
វិធានការទាំងនោះ រួមមានជាអាទិ៍ តាមដានស្ថានភាពទឹកជំនន់ជាប្រចាំនៅក្នុងភូមិសាស្ត្ររបស់ខ្លួន។ បង្កើតក្រុមការងារទទួលបន្ទុក និងរៀបចំបណ្តាញ ទំនាក់ទំនងឱ្យបានច្បាស់លាស់ ព្រមទាំង ត្រៀមផែនការជួយសង្គ្រោះ មធ្យោបាយការពារ និងជម្លៀសកម្មករនិយោជិត ក្នុងករណីមានទឹកជំនន់។ ត្រួតពិនិត្យបណ្តាញអគ្គិសនីឱ្យបានត្រឹមត្រូវសមស្របតាមលក្ខណៈបច្ចេកទេស និងសុវត្ថិភាព សម្រាប់បង្ការ និងបញ្ចៀសបញ្ហាជាយថាហេតុណាមួយ និងរៀបចំវិធានការសង្គ្រោះបឋម និងវិធីសាស្ត្រជួយសង្គ្រោះជាអាទិ៍ ក្នុងករណីលង់ទឹក ឆក់ចរន្តអគ្គិសនី សត្វទិច ចឹក ឬខាំ។
ទន្ទឹមនោះ លោករដ្ឋមន្ត្រីក៏បានក្រើនរំលឹកទៅដល់បងប្អូនកម្មករនិយោជិត បង្កើនការប្រុងប្រយ័ត្នគ្រោះថ្នាក់ផ្ទាល់ខ្លួនជាអាទិ៍ លង់ទឹក ឆក់ចរន្តអគ្គិសនី សត្វទិច ចឹក ឬខាំ ។ ផ្តល់ព័ត៌មានអំពីស្ថានភាពសុវត្ថិភាព និងសុខភាពការងាររបស់ខ្លួនទៅកាន់និយោជកជាប្រចាំ ក្នុងអំឡុងពេលឈប់សម្រាក ដោយសារគ្រោះទឹកជំនន់ ។ អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់និយោជក និងអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជា អនុវត្តឱ្យបានហ្មត់ចត់ តាមវិធានការរបស់អាជ្ញាធរមូលដ្ឋាន និងវិធានការនានា របស់ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសហការឱ្យបានពេញលេញជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងករណីមានការណែនាំជាក់ស្តែង ។
ប្រភពដដែលបញ្ជាក់ថា ក្នុងករណីចាំបាច់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ និងកម្មករនិយោជិត អាចទាក់ទងក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈតាមរយៈប្រព័ន្ធ Hotline លេខ ១២៨៦ ឬ ស្គែន QR Code ដែលភ្ជាប់ជាមួយសេចក្តីជូនដំណឹងរបស់ក្រសួង ដើម្បីអធិការការងារ ចុះធ្វើការវាយតម្លៃកម្រិតហានិភ័យ ដែលអាចកើតមានឡើង ចំពោះសុវត្ថិភាពកម្មករនិយោជិត ក្នុងអំឡុងពេលមានទឹកជំនន់៕


