ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តសិស្សជាប់ និង ធ្លាក់បាក់ឌុបនៅព្រៃវែង បន្តចាប់យកក្ដីស្រមៃ លើវិថីសិក្សា ច្រើនជម្រើសទៀត

ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ មិនថាសិស្សដែលជាប់និទ្ទេសA និងមិនជាប់និទ្ទេសA និងសិស្សដែលប្រឡង ធ្លាក់ផងនោះ ត្រូវបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ឬជ្រើសរើសជំនាញ ណាមួយឱ្យច្បាស់លាស់ ដែលត្រូវនឹងទេពកោសល្យ និងឧបនិស្ស័យរបស់ខ្លួន។

ឧបនាយករដ្ឋមន្ត្រី ស សុខា បានជំរុញណែនាំយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ បង្រៀនវគ្គបំប៉ន និងសិស្សានុសិស្ស ប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេស A ចំនួន ១៥៤នាក់ ឆ្នាំសិក្សា២០២៤-២០២៥ ក្នុងខេត្តព្រៃវែង នៅសាលប្រជុំសាលាខេត្តព្រៃវែង នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥

បើតាមឧបនាយករដ្ឋមន្ត្រី លទ្ធផល នៃការប្រឡងកន្លងមកនេះ និងតទៅមុខទៀតក្ដី ទោះបីជាប់ ឬធ្លាក់គឺមិនទាន់ បានកំណត់នូវជោគវាសនា ឬអនាគតរបស់ខ្លួនបានឡើយ ប្រសិនបើមិនមានការព្យាយាម តស៊ូបង្កើនសមត្ថភាព ក្រេបយកចំណេះដឹង បន្ថែម ដើម្បីអភិវឌ្ឍខ្លួន និងសមស្របទៅ តាមទីផ្សារការងារ ដែលកំពុងត្រូវការនាពេលបច្ចុប្បន្ន។

ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតថ្លែងអំណរគុណភាគី ពាក់ព័ន្ធដែលបានចូលរួមពង្រឹង គុណភាពអប់រំនៅខេត្តព្រៃវែង ជាពិសេសការបង្រៀនបំប៉ន ពីសំណាក់លោកគ្រូ អ្នកគ្រូស័្មគ្រចិត្ត ដែលទទួលបានការគាំទ្រ ពីសហភាព សហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងការជំរុញបន្ថែម ពីឪពុកម្ដាយ អាណាព្យាបាល និងការស័្វយសិក្សាស្រាវជ្រាវ ដោយខ្លួនឯង របស់សិស្សានុសិស្ស។

ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា ផ្លែផ្កានៃការអប់រំបណ្ដុះបណ្ដាលដល់សិស្សគ្រប់កម្រិត ចាប់ពីថ្នាក់មត្តេយ្យ រហូតដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត ព្រមទាំងការចាប់យកមុខជំនាញផ្សេងៗរបស់សិស្សនិស្សិត រួមទាំងសិស្សមិនជាប់បាក់ឌុប គឺជាក្ដីប្រាថ្នារបស់រាជរដ្ឋាភិបាល ទាំងនីតិកាលមុនៗ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នក្រុមការ ដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដូចមានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណ និងបន្តមកដល់បច្ចុប្បន្ន គឺយុទ្ធសាស្ត្របញ្ចកោណ។

ឧបនាយករដ្ឋមន្ត្រី បន្តមានប្រសាសន៍ទៀតថា ក្រោមការចូលរួមរបស់ថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលចុះជួយខេត្តព្រៃវែង អាជ្ញាធរពាក់ព័ន្ធ មន្ទីរអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បាននិងកំពុងខិតខំ បំពេញការងារប្រកបស្មារតីដោយយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការផ្ដល់សេវាអប់រំ និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈគ្រប់ប្រភេទ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនៅកម្ពុជា។

សូមបញ្ជាក់ថា សិស្សជ័យលាភី ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ កន្លងទៅនេះ នៅទូទាំងខេត្តព្រៃវែង មានចំនួនសរុប ៧.៨៩៩នាក់ ស្មើនឹង ៨៦.៦១% ក្នុងនោះសិស្ស ទទួលបាននិទ្ទេស A មានចំនួន ១៥៤នាក់ សិស្សទទួលបាននិទ្ទេស B ចំនួន ៦៧៦នាក់ សិស្សនិទ្ទេស C ចំនួន ១.៨៦៨នាក់ សិស្សនិទ្ទេស D ចំនួន ២.៩១២ នាក់ និងសិស្សនិទ្ទេស E មានចំនួន ២.៣៣៣នាក់៕

To Top