ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាទេសចរណ៍ ពិភពលោក លើកទី ៤៥ ឆ្នាំ ២០២៥

ពោធិ៍សាត់ ÷ លោក ខូយ រីដា អភិបាល​នៃ​គណៈអភិបាលខេត្ត​ពោធិ៍សាត់ នៅ​ពព្រឹកថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធី​អបអរសាទរ​ទិវា​ទេសចរណ៍ ​ពិភពលោក​លើក​ទី៤៥ ឆ្នាំ២០២៥ ក្រោម​ប្រធានបទ “ទេសចរណ៍ និង​បរិវត្តកម្ម​ប្រកប​ដោយ​ចីរភាព” ​ពិធីនេះប្រារព្ធឡើងនៅ​បរិវេណ​អនុវិទ្យាល័យ​ពោធិ៍សាត់ ដោយ​មាន​ការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និង​ភ្ញៀវកិត្តិយស​យ៉ាង​ច្រើន​កុះករ ។

ថ្លែងក្នុងឱកាសនោះ លោក ខូយ រីដា អភិបាលខេត្ត​ពោធិ៍សាត់ បាន​គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃ​វិស័យ​ទេសចរណ៍ ដែល​ជា​កម្លាំង​ចលករ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​មូលដ្ឋាន ក៏ដូចជា​ការ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ។ លោកអភិបាលខេត្តបាន​សង្កត់ធ្ងន់​ថា ប្រធានបទ​នៅ​ឆ្នាំ២០២៥ នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ការ​ប្ដេជ្ញាចិត្ត​ របស់​រដ្ឋបាលខេត្ត ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ ធានា​បាន​នូវ​តុល្យភាព​រវាង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ការ​អភិរក្ស​ធនធាន​ធម្មជាតិ និង​វប្បធម៌ ។

លោក ខូយ រីដា ក៍បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ និង​ប្រតិបត្តិករ​ទេសចរណ៍​ទាំង​អស់​ នៅ​ទូទាំង​ខេត្ត​ពោធិ៍សាត់ បន្ត​ចូលរួម​ថែរក្សា​បរិស្ថាន អនាម័យ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៅ​តាម​តំបន់​ទេសចរណ៍​នានា ជាពិសេស​ត្រូវ​ផ្ដោត​លើ​ការ​លើកកម្ពស់​គុណភាព​សេវាកម្ម និង​ការ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ ដែល​មាន​លក្ខណៈ​ច្នៃប្រឌិត និង​ទាក់ទាញ​ភ្ញៀវទេសចរ ។

ពិធី​នេះ​ត្រូវ​បាន​បញ្ចប់​ក្នុង​បរិយាកាស​រីករាយ និង​ស្និទ្ធស្នាល ដោយ​បាន​បន្សល់​ទុក​ នូវ​ការ​ប្ដេជ្ញាចិត្ត​រួមគ្នា ​មួយ​ក្នុង​ការ​ធ្វើ​ឱ្យ​ខេត្ត​ពោធិ៍សាត់​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​គំរូ​មួយ​ ដែល​មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព ​ស្រប​តាម​ចក្ខុវិស័យ ​របស់​រាជរដ្ឋាភិបាលកម្ពុជា៕
ប្រភព&រូបភាព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ហ៊ុន ធឿន(ដើមអម្ពិល)

To Top