Human rights Watch ៖ ថៃ ប្រើសំឡេងរំខាន ជាទម្រង់បំភិតបំភ័យ និងយាយីផ្លូវចិត្ត ប្រជាជនកម្ពុជា ជាការរំលោភសិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរ

ភ្នំពេញ ៖ លោក Sunai Phasuk ទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំ ប្រទេសថៃ (Human rights Watch)បានចេញមកទទួលស្គាល់ថា ការប្រើប្រាស់សំឡេងរំខាន ជាទម្រង់ នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្តប្រជាជនកម្ពុជា នៅតាមណ្តោយព្រំដែន កម្ពុជា-ថៃ ពីសំណាក់បុគ្គលថៃមួយចំនួន គឺជាការរំលោភសិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរ ប្រឆាំងនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ក៏ដូចជាច្បាប់ប្រទេសថៃ ។ នេះបើតាមសេចក្តីជូនដំណឹង របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.)នាថ្ងៃ១៤ តុលា ។

បើតាម គ.ស.ម.ក. ដដែល ដោយយោងតាមប្រសាសន៍របស់លោក Sunai Phasuk ការណ៍នេះបានធ្វើឱ្យប្រទេសថៃ រងភាពអាម៉ាស លើឆាកអន្តរជាតិជាខ្លាំង ។
សូមបញ្ជាក់ថា នេះគឺបុគ្គលទី៣ហើយ បន្ទាប់ពីលោកស្រី Angkhana Neelapaijit និងឧត្តមមន្រ្តី នៃការិយាល័យមហាអយ្យការប្រទេសថៃ ដែលបានបញ្ចេញមតិមិនពេញចិត្ត ចំពោះទង្វើអមនុស្សធម៌ របស់ភាគីថៃ ចំពោះការប្រើប្រាស់សំឡេងរំខាននេះ ។
ចាប់តាំងពីរាត្រីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥មក បុគ្គលថៃមួយចំនួនបានចាប់ផ្តើម ចាក់ធុងបាស់បំពងសំឡេងរំខាន មកលើប្រជាពលរដ្ឋកម្ពុជា រួមមានទាំងអ្នកឈឺ មនុស្សចាស់ កុមារ និងជនពិការ នៅពេលយប់ស្ងាត់កណ្តាលអាធ្រាត ។ សំឡេងទាំងនោះរួមមាន៖ សំឡេងខ្មោច សំឡេងឆ្កែព្រុស និងសំឡេងឆ្កែលូ ជាដើម ៕









