អភិបាលខេត្តពោធិ៍សាត់ ៖ ក្រុមប្រឹក្សា ឃុំ សង្កាត់ ជារដ្ឋអំណាចស្របច្បាប់តែមួយគត់ សម្រាប់ដឹកនាំពលរដ្ឋអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ប្រកបដោយតម្លាភាព

ខេត្តពោធិ៍សាត់៖ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា ក្រុមប្រឹក្សា ឃុំ សង្កាត់ ជារដ្ឋអំណាចស្របច្បាប់តែមួយគត់ សម្រាប់ដឹកនាំប្រជាពលរដ្ឋអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ប្រកបដោយតម្លាភាព និងមានប្រជាធិបតេយ្យពិតប្រាកដ។

ការលើកឡើងរបស់លោក ខូយ រីដា នាឱកាសអញ្ជើញបើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) របស់រដ្ឋបាលឃុំ សម្រាប់ស្រុកតាលោសែនជ័យ ដោយមានការចូលរួមពី លោក លោកស្រី តំណាងមន្ទីរអង្គភាព អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន និងអាជ្ញាធរស្រុក ឃុំ ជាច្រើនរូបទៀត នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅបរិវេណសាលាស្រុក។

លោក សំ ណារិទ្ធិ អភិបាលស្រុកតាលោសែនជ័យ បានជម្រាបជូនថា គិតមកដល់ពេលនេះ រដ្ឋបាលស្រុក គម្រោងដែលបានស្នើសុំការគាំទ្រ ចំនួន ៨៩គម្រោង ក្នុងនោះផ្នែកសេដ្ឋកិច្ច ចំនួន ១៩គម្រោង ផ្នែកសង្គមកិច្ច ចំនួន ៣៤គម្រោង ផ្នែកធនធាន បរិស្ថាន និងការបន្សាំ និងការប្រែប្រួលអាកាសធាតុ ចំនួន ១៦គម្រោង និងផ្នែករដ្ឋបាល ចំនួន ២០គម្រោង។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨)នេះ បញ្ជាក់ឱ្យឃើញថា យើងកំពុងតែរួមសហការគ្នាយ៉ាងជិតសិទ្ធិ ក្នុងការប្រមូលផ្តុំ ធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពអភិវឌ្ឍន៍ ដែលជាអាទិភាពរបស់ឃុំ សង្កាត់ ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋនៅតាមជនបទ។ ចក្ខុវិស័យ គោលដៅ និងយុទ្ធសាស្ត្រ៥ឆ្នាំ របស់រដ្ឋបាលស្រុក និងឃុំ ដែលបានគ្រោងទុក ដោយផ្អែកលើគោលនយោបាយវិមជ្ឈការ របស់រាជរដ្ឋាភិបាល ក៏ដូចជាគោលដៅសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍនៅក្នុងសហវត្សរ៍ទី២១នេះ។

លោកអភិបាលខេត្តបានបន្តថា សិក្ខាសាលានាពេលនេះ គឺជាសក្ខីភាពមួយដែលមានការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិ អន្តរជាតិ និងវិស័យឯកជន ដើម្បីជួយដោះស្រាយនូវបញ្ហាអភិវឌ្ឍន៍ភូមិ ឃុំ សង្កាត់។ ជាមួយគ្នានោះដែរ គឺជាដំណើរការដែលបានរៀបចំឡើង ដើម្បីឱ្យគម្រោងសកម្មភាពអាទិភាព អភិវឌ្ឍន៍ ដែលស្នើឡើងដោយ ឃុំ សង្កាត់ មានភាពស៊ីសង្វាក់គ្នា ទៅនឹងគោលនយោបាយ យុទ្ធសាស្ត្រ និងសកម្មភាពនានា របស់មន្ទីរជំនាញ និងបណ្តាអង្គការជាតិ អន្តរជាតិ តាមរយៈការពិភាក្សា និងចរចាគ្នាក្នុងតំបន់គោលដៅ ដើម្បីប្រមូលផ្តុំធនធានសម្រាប់គាំទ្រកិច្ចអភិវឌ្ឍន៍មូលដ្ឋាន។

លោកអភិបាលខេត្ត ក៍បានលើកឡើងទៀតថា ក្រុមប្រឹក្សាឃុំ សង្កាត់ ជារដ្ឋអំណាចស្របច្បាប់តែមួយគត់ សម្រាប់ដឹកនាំប្រជាពលរដ្ឋអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ប្រកបដោយតម្លាភាព និងមានប្រជាធិបតេយ្យពិតប្រាកដ។ ជាមួយគ្នានេះ ក្រុមប្រឹក្សា ត្រូវបានពង្រឹងសមត្ថភាពជំនាញដឹកនាំ គ្រប់គ្រងរដ្ឋបាលតាមបែបអភិបាលកិច្ចល្អ ពិសេសការកសាងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ រយៈពេល៥ឆ្នាំ (២០២៦-២០២៨) ដែលមានចក្ខុវិស័យ ទិសដៅ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ច្បាស់លាស់ រីកចម្រើនឆាប់រហ័ស ក្នុងការស្តាឡើងវិញនូវវិស័យ សេដ្ឋកិច្ច សង្គមកិច្ច ហេដ្ឋារចនាសម្ព័ន្ធ អភិបាលកិច្ចល្អ ការពារបរិស្ថាន និងធ្វើឱ្យមាន សមភាព សមធម៌ រវាងបុរស និងស្ត្រី លុបបំបាត់នូវអំពើហឹង្សាក្នុងគ្រួសារ ការជួញដូរមនុស្ស ការរំលោភសិទ្ធិកុមារនិងការរើសអើងផ្សេងៗ៕

ប្រភព&រូបភាព៖ រដ្ឋបាលខេត្តពោធិ៍សាត់
