ព័ត៌មានជាតិ

រដ្ឋមន្ត្រីទេសចរណ៍ អញ្ជើញសំណេះសំណាល ជាមួយបងប្អូនអាជីករ និងប្រជានេសាទ នៅតាមតំបន់ឆ្នេរអង្កោល ខេត្តកែប

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញចូលរួមពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការតភ្ជាប់តំបន់ទេសចរណ៍បេតិកភណ្ឌសៀមរាប-អង្គរ ទៅកាន់តំបន់ឆ្នេរ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជួបសំណេះសំណាលជាមួយ នឹងអ៊ំ ពូមីង បងប្អូនអាជីករ និងប្រជានេសាទ នៅតាមតំបន់ឆ្នេរអង្កោល នៅស្រុកដំណាក់ចង្អើរ ខេត្តកែប។

ក្នុងពិធីសំណេះសំណាល នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ លោករដ្ឋមន្រ្តី ក៏បានជម្រាបជូនអ៊ំ ពូមីង បងប្អូនអាជីករ និងប្រជានេសាទ នៅតាមតំបន់ឆ្នេរអង្កោលទាំងអស់ ត្រូវគិតគូរពិចារណារៀបចំចងគ្នា ជាសហគមន៍ទេសចរណ៍ ដោយក្រសួងទេសចរណ៍ និងអាជ្ញាធររដ្ឋបាលខេត្តកែប រដ្ឋបាលស្រុក នឹងសហការគាំទ្រ លើកិច្ចការងារនេះ ដើម្បីឱ្យលោកអ៊ំ ពូមីងបងប្អូនទាំងអស់ទទួលបានអត្ថប្រយោជន៍ជាច្រើន ពីវិស័យទេសចរណ៍។

ជាមួយគ្នានេះ លោក ហួត ហាក់ ក៏មានប្រសាសន៍ផ្តាំផ្ញើដល់លោកអ៊ំ ពូមីង បងប្អូនទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ លើការថែរក្សាបរិស្ថានអនាម័យ សុវត្ថិភាពចំណីអាហារ រៀបចំទីធ្លាបរិវេណ ឱ្យមានសណ្តាប់ធ្នាប់, បន្តរក្សាតម្លៃឱ្យបានសមរម្យ, បន្តពង្រឹងសមត្ថភាព ដើម្បីចូលរួមទាក់ទាញភ្ញៀវទេសចរ ឱ្យមកសម្រាកលំហែរ និងលេងកម្សាន្ត នៅតាមតំបន់ឆ្នេរឱ្យបានកាន់តែច្រើន ដែលជាតម្លៃបន្ថែមក្នុងការចូលរួមចំណែក ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយភាពធន់ និរន្តរភាព និងបរិយាបន្ន ៕
ដោយ៖​ ដារាត់| ដើមអម្ពិល

To Top