បង្រ្កាប ករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព អូសទាញជនរងគ្រោះ ដាក់ប្រាក់វិនិយោគតាមប្រព័ន្ធតេឡេក្រាម

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មលសបច្ចេកវិទ្យា បង្រ្កាប បានករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព អូសទាញជនរងគ្រោះ ដាក់ប្រាក់វិនិយោគតាមប្រព័ន្ធតេឡេក្រាម ដោយទទួលបានប្រាក់ចំនេញច្រើនក្នុងរយ:ពេលខ្លី។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក នាយកដ្ឋានប្រឆាំងបទល្មលសបច្ចេកវិទ្យា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។
យោងតាមបទបញ្ជារបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ លើករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព អូសទាញជនរងគ្រោះ ដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញ ដោយទទួលប្រាក់ចំនេញច្រើនក្នុងរយ:ពេលខ្លី។

ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ទី១ ឈ្មោះ ស.ស.ន ភេទស្រី និងទី២ ឈ្មោះ ស.ធ.ន ភេទស្រី។
តាមការស្រាវជ្រាវរបស់សមត្ថកិច្ច ជនសង្ស័យទាំង២នាក់នេះ បានពាក់ពន្ធ័និងការទិញ-លក់ គណនីតេឡេក្រាម អោយទៅជនល្មើសនិងបានយករូបថតថ្នាក់ដឹកនាំជាន់ខ្ពស់ និង រូបថតលោកអ្នកឧញ្ញ៉ាជាច្រើនរូបមកធ្វើជាប្រហ្វាល់ ដើម្បីធ្វើការឆបោកជនរងគ្រោះ ដោយអូសទាញជនរងគ្រោះអោយដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបាននាយកដ្ឋាន កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

នាយកដ្ឋាន បានក្រើនរំលឹកដល់សារធារណជនទាំងអស់ សូមប្រុងប្រយ័ត្ន មុននឹងសម្រេចចិត្តដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញ និងសូមពិនិត្យពិចារណាអោយបានច្បាស់លាស់ពីប្រភពនៃការផ្សព្វផ្សាយអំពីការវិនិយោគតាមអនឡាញ ជៀសវាងការខាតបង់ផលប្រយោជន៍ និងទ្រព្យសម្បត្តិដោយប្រការណាមួយ៕
