ថ្នាក់ដឹកនាំ និងសមាជិក សមាគមសហព័ន្ធវិនិយោគិនកម្ពុជា ចូលរួមថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» ដើម្បីរំលឹកខួប១៣ឆ្នាំ នៃការយាងសោយព្រះទិវង្គត

ភ្នំពេញ៖ ឧកញ៉ាសាស្រ្តាចារ្យសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំប្រតិភូ សមាគមសហព័ន្ធវិនិយោគិនកម្ពុជា ចូលរួមថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ដើម្បីរំលឹកខួប១៣ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ព្រះអង្គ។

ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ ជាខួប១៣ឆ្នាំនៃការយាងសោយទិវង្គត របស់សព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ដែលជាពេលវេលាដែលប្រជាពលរដ្ឋខ្មែរជាកូនចៅ ចៅទួតរបស់ព្រះអង្គសែនសោកសៅ និងសោកសង្រេងបំផុត សម្រាប់ជាតិខ្មែរទាំងមូល ព្រោះជាពេលវេលាបាត់បង់ នូវព្រះមហាវីរក្សត្រដ៏ឆ្នើមមួយអង្គ គឺសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ។ ការយាងសោយទិវង្គតរបស់ព្រះអង្គ ប្រៀបដូចជាស្បៃអន្ធការ ចូលមកគ្របដណ្តប់លើផែនពសុធាដ៏ស្រស់បំព្រង នៃដែនសីមារបស់កម្ពុជា។
ពិធីអញ្ជើញចូលរួមថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ធ្វើឡើងដើម្បី ចងចាំ ក៏ដូចជារំលឹកនូវព្រះរាជបូជនីយកិច្ច ដ៏ថ្លៃថ្លាបំផុតរបស់ព្រះអង្គ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុត ចំពោះជាតិមាតុភូមិកម្ពុជា ដែលស្ថិតស្ថេរជារៀងរហូត នៅក្នុងដួងចិត្តរបស់ប្រជានុរាស្ត្រខ្មែរជាកូន ជាចៅ ជាចៅទួត របស់ព្រះអង្គ៕












