ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ពង្រឹងប្រសិទ្ធភាព លើការគ្រប់គ្រងដីរដ្ឋ និងធនធានព្រៃឈើ នៅតាមតំបន់ការពារធម្មជាតិ

ភ្នំពេញ ៖ មន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ នាថ្ងៃទី១៣ តុលា បានបន្តចាត់វិធានការលើករណី ការកាប់គាស់រុករាន ឬការឈូសឆាយដីព្រៃ ធ្វើជាកម្មសិទ្ធិ និងសន្និធិឈើ ដោយគ្មានការអនុញ្ញាត ក្នុងក្នុងឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គិរីរម្យ» នៅក្នុងភូមិសាស្រ្តឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

មន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិគិរីរម្យ បានបន្តចុះទៅដល់ទីតាំងដើម្បីចាត់វិធានការច្បាប់មួយចំនួនទៀត ក្នុងនោះបានរើគ្រឹះសំណង់ផ្ទះលំហែ (បណ្តោយ ១២ម៉ែត្រ និងទទឹង៦ម៉ែត្រ) ចំនួន១ កន្លែង និងបន្ទប់ទឹកចំនួន ១ កន្លែង ស្មើនិង៤បន្ទប់ (បណ្តោយ៦ម៉ែត្រ និងទទឹង២ម៉ែត្រ) និងបានរើទ្វារដែកចំនួន ចំនួន៤ផ្ទាំង (២ម៉ែត្រ៤០×១ម៉ែត្រ៦០)។

ក្នុងឱកាសនេះ ក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់សាធារណជន ដែលបានចូលរួមសហការផ្តល់ព័ត៌មាន ផ្តល់រូបភាព រាយការណ៍អំពីជនល្មើស សម្រាប់តាមដានស៊ើបអង្កេត លើករណីកាប់គាស់ រុករានដីព្រៃ និងកាប់ឈើ ខុសច្បាប់ នៅឧទ្យានជាតិព្រះសុរាម្រិត កុសមៈ«គីរីរម្យ» រហូតឈានទៅដល់ការរៀបចំឯកសារ និងបានដាក់បណ្តឹងករណីល្មើសនេះទៅតុលាការ ដើម្បីបន្តចាត់វិធានការតាមនីតិវិធីច្បាប់ នាពេលកន្លងមក។

ក្នុងន័យនេះ ក្រសួងបរិស្ថាន បានបន្តពង្រឹងប្រសិទ្ធភាពលើការគ្រប់គ្រងដីរដ្ឋ និងធនធានព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ។ ក្រសួងបរិស្ថាន សូមដាក់ចេញនូវវិធានការច្បាប់ ស្របយតាមក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលក្នុងនោះ សមត្ថកិច្ចពាក់ព័ន្ធគ្រប់គ្រងតំបន់ការពារធម្មជាតិ ត្រូវអនុវត្តច្បាប់១០០% ដោយគ្មានការលើកលែង ចំពោះជនប្រព្រឹត្តបទល្មើស។

ជាមួយគ្នានេះ បុគ្គលដែលបានប្រព្រឹត្តអំពើកាប់គាស់ ឬ រុករាន ឬ ឆ្ការដុត ឬឈូសឆាយដីព្រៃ ដើម្បីធ្វើកម្មសិទ្ធិ គឺជាបទល្មើសធនធានធម្មជាតិ ដែលនឹងត្រូវផ្តន្ទាទោសតាមបទប្បញ្ញត្តិច្បាប់ជាធរមាន។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បាននឹងកំពុងបន្តសហការជាមួយក្រសួង ស្ថាប័ន អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ បំផុតលើការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបនូវរាល់ សកម្មភាពល្មើសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ដោយអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងផ្តល់កិច្ចសហការ ក្នុងការអនុវត្តច្បាប់ដោយស្មារតីទទួលខុសត្រូវខ្ពស់៕

To Top