សម្តេចធិបតី ៖ គ្រោះមហន្តរាយគ្រប់ទំរង់ នៅតែជាបញ្ហាប្រឈម ឥតឈប់ឈរ សម្រាប់ប្រជាជាតិ ទាំងអស់

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅចំពោះរដ្ឋមន្រ្តីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយថា គ្រោះមហន្តរាយគ្រប់ទំរង់ នៅតែជាបញ្ហា ប្រឈមឥតឈប់ឈរ សម្រាប់ប្រជាជាតិទាំងអស់ គ្រោះមហន្តរាយ មិនថាធំ ឬតូច តែងបន្សល់ទុកនូវការពិបាក យ៉ាងធ្ងន់ធ្ងរដល់មនុស្ស និងសង្គម ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចាំតាំងពីការចុះហត្ថលេខានៅឆ្នាំ២០០៥ អាត់ម៊ែរ បានក្លាយជាមូលដ្ឋានគ្រឹះ នៃការប្តេជ្ញាចិត្តរួមរបស់យើង ក្នុងការទប់ស្កាត់ ការត្រៀមខ្លួន ការឆ្លើយតប និងការស្តាឡើងវិញ នៅទូទាំងតំបន់ ។
ក្នុងនោះ សម្តេចធិបតី ក៏បានឆ្លៀតយកឱកាសនេះ ដើម្បីសម្តែង នូវការវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន ក្នុងការតម្រង់ទិស និងការធ្វើទំនើបកម្មការអនុវត្ត កម្មវិធីការងារអាត់ម៊ែរ ឆ្នាំ២០២១-២០២៥ ក៏ដូចជាក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលសម្របសម្រួល ជាមួយមនុស្សធម៌អាស៊ាន ក្នុងការតម្រង់ទិស ស្តីពីការធ្វើប្រតិបត្តិការរបស់មជ្ឈមណ្ឌលផងដែរ ។
ជាមួយគ្នានេះសម្តេចធិបតី យល់ឃើញថា សមទ្ធផលទាំងផ្នែកគោលនយោបាយ ទាំងផ្នែកប្រតិបត្តិការ មានសារៈសំខាន់ណាស់ សម្រាប់ការសម្រេចបាន នូវសេក្តីប្រាថ្នារបស់អាត់ម៊ែរ និងសេចក្តីថ្លែងការណ៍ របស់ថ្នាក់ដឹកនាំអាស៊ាន ស្របតាមចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៣៥ និងផែនការយុទ្ធសាស្ត្រសហគមន៍ សង្គមវប្បធម៌អាស៊ាន ក៏ដូចជាផែនការយុទ្ធសាស្ត្រផ្សេងៗទៀត ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “គ្រោះមហន្តរាយគ្រប់ទំរង់ នៅតែជាបញ្ហាប្រឈមឥតឈប់ឈរ សម្រាប់ប្រជាជាតិទាំងអស់ គ្រោះមហន្តរាយ មិនថាធំ ឬតូច តែងបន្សល់ទុក នូវការពិបាកយ៉ាងធ្ងន់ធ្ងរដល់មនុស្ស និងសង្គម ។ ជាមួយនឹងការគំរាមកំហែង កាន់តែខ្លាំងឡើង នៃការប្រែប្រួលអាកាសធាតុ មហន្តរាយកំពុងកើតមានឡើង កាន់តែញឹកញ៉ាប់ កាន់តែធ្ងន់ធ្ងរ និងកាន់តែពិបាកប៉ាន់ស្មាន” ។
បន្ថែមលើនេះ សម្តេចធិបតី កត់សម្គាល់ថា គ្រោះមហន្តរាយ ដែលកើតមានឡើងនៅពេលថ្មីៗនេះ ដូចជាការរញ្ជួយដី ទឹកជំនន់ ព្យុះស៊ីក្រូនត្រូពិក បានបណ្តាលឱ្យបាត់បង់អាយុជីវីត មនុស្សយ៉ាងច្រើន និងការខូចខាតយ៉ាងដំណំ តាមទស្សនវិស័យរបស់កម្ពុជា អាស៊ានចាំបាច់ត្រូវបែងចែក ឱ្យដាច់រវាងសកម្មភាព ជួយសង្គ្រោះ ក្នុងគ្រាមានគ្រោះមហន្តរាយ នៅតាមទីប្រជុំជន់ និងទីជន់បទ ជាពិសេសពាក់ព័ន្ធនឹងទឹកជំនន់៕
ដោយ៖ ដារាត់| ដើមអម្ពិល
