ក្រសួងទេសចរណ៍ និងក្រុមហ៊ុន YIG ជួបប្រជុំពិនិត្យវឌ្ឍនភាព លើគម្រោងវិនិយោគ ទេសចរណ៍ដ៏ធំ ទំនើប និងមានលក្ខណៈច្នៃប្រឌិត នៅខេត្តសៀមរាប

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ បានអនុញ្ញាតជូនលោក Liu Minglin ប្រធានក្រុមហ៊ុន Yunnan Provincial Investment Holdings Group Co., Ltd (YIG), លោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Angkor International Airport Investment Co., Ltd. (AIAI) និងសហការី ចូលជួបរាយការណ៍ពីវឌ្ឍនភាព នៃគម្រោងវិនិយោគ និងពិភាក្សាការងារ នាទីស្តីការក្រសួង។

ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កា សម្រាប់ខេត្តសៀមរាប និងប្រទេសកម្ពុជា លោករដ្ឋមន្រ្តី ហួត ហាក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរវាយតម្លៃខ្ពស់ ដល់លោកប្រធាន និងក្រុមហ៊ុនរដ្ឋចិន ដ៏ធំដែលបានជឿជាក់ លើការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តាក់ទុនវិនិយោគ លើអាកាសយានដ្ឋានអន្តរជាតិ សៀមរាប ការអភិវឌ្ឍតំបន់ជុំវិញអាកាសយានដ្ឋាន ឱ្យក្លាយជាតំបន់វប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្មចំរុះ ក៏ដូចជាការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ដែលមានតម្លៃបន្ថែមថ្មី ប្រកបដោយការច្នៃប្រឌិត បច្ចេកវិទ្យាខ្ពស់ចុងក្រោយ និងដំបូងគេបង្អស់នៅប្រទេសកម្ពុជា ។

លោករដ្ឋមន្រ្តី និងលោកប្រធានក្រុមហ៊ុន បានឯកភាពលើការអនុវត្ត នូវយន្តការរៀបចំកិច្ចប្រជុំត្រួតពិនិត្យ វឌ្ឍនភាពលើគម្រោងវិនិយោគ និងការរាយការណ៍ ពីស្ថានភាពភ្ញៀវទេសចរ និងអ្នកដំណើរតាមអាកាសយានដ្ឋាន អន្តរជាតិសៀមរាបជាប្រចាំ ដើម្បីជំរុញវឌ្ឍនភាព នៃគម្រោងវិនិយោគឱ្យដំណើរការរលូន និងបានឆាប់រហ័ស បង្កើនការជឿជាក់រវាងគ្នា និងគ្នាលើកិច្ចសហប្រតិបតិ្តជា ដៃគូអភិវឌ្ឍ និងការជួយគ្នាទៅវិញទៅមក ក្នុងការដោះស្រាយ បញ្ហាប្រឈមនានា របស់ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរឱ្យបានទាន់ពេលវេលា៕
ដោយ៖ ដារាត់| ដើមអម្ពិល








