ព័ត៌មានជាតិ

សម្តេចតេជោ តែងតែស្នើអន្តរជាតិ ជួយអន្តរាគមន៍ ទប់ស្កាត់ការពង្រីកជម្លោះព្រំដែន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា តែងតែងបានស្នើឲ្យមិត្តភិក្តបរទេស ជួយអន្តរាគមន៍ ទប់ស្កាត់ការពង្រីកជម្លោះ ព្រំដែនកម្ពុជា-ថៃ ដើម្បីជៀសវាងការរីករាលដាល កាន់តែធំឡើង ។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការបើកសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥បានឱ្យថា នៅចំពោះមុខភាពគឃ្លីន នៃការឈ្លានពានរបស់ថៃ មកលើបូរណភាពទឹកដីកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ បានបង្ហាញឫសគល់ និងស្ថានភាពពិត នៃជម្លោះព្រំដែន ការព្យាយាម អត់ធ្មត់ និងការប្រកាន់គោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះ ដោយសន្តិវិធី អនុលោម តាមច្បាប់អន្តរជាតិ និងបានស្នើឱ្យភាគីមិត្ត ជួយអន្តរាគមន៍ទប់ស្កាត់ការពង្រីកជម្លោះ និងគោរព និងអនុវត្តនូវបទឈប់បាញ់ ដែលបានឯកភាពព្រមព្រៀងគ្នា ដើម្បីអាចវិលទៅរកប្រក្រតីភាពនៃ ទំនាក់ទំនងឡើងវិញ ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាជំហរដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធីឈរលើយន្តការបច្ចេកទេសនិងច្បាប់អន្តរជាតិ ហើយចាត់ទុកថា ការប្រើប្រាស់កម្លាំងយោធា មិនអាចដោះស្រាយបញ្ហាព្រំដែនបានឡើយ៕

To Top