ព័ត៌មានជាតិ

កម្ពុជា-ម៉ាឡេស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

ភ្នំពេញ៖ ដោយមានការអនុញ្ញាតពី ក្រសួងការពារជាតិ និងអគ្គបញ្ជាការ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញដឹកនាំប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានចូលជួបសម្តែងការគួរសមជាមួយ លោក DATO’ SERI MOHAMED KHALED NORDIN រដ្ឋមន្រ្តីក្រសួងការពារជាតិម៉ាឡេស៊ី និង ជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកនាយឧត្តមសេនីយ៍ TAN SRI DATO’ SERI MUHAMMAD HAFIZUDDEAIN BIN JANTAN មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី និងបានអញ្ជើញទស្សនកិច្ចអង្គភាពកងពលតូច ទ័ពពិសេសឆ័ត្រយោងលេខ១០ នៃកងទ័ពជើងគោកម៉ាឡេស៊ី។

ក្នុងជំនួបទ្វេភាគីរវាង លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និង លោក នាយឧត្តមសេនីយ៍ TAN SRI DATO’ SERI MUHAMMAD HAFIZUDDEAIN BIN JANTAN បានសម្រេច ចុះហត្ថលេខារួមគ្នាលើឯកសារ លក្ខខណ្ឌស្តីពីកិច្ច សហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោក ម៉ាឡេស៊ី (TOR) ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ, យូរអង្វែង និងប្រកបដោយទំនុកចិត្ត ដើម្បីចូលរួមចំណែកថែរក្សាសន្តិភាពនៅក្នុងតំបន់ ដោយផ្តោតលើការផ្លាស់ប្តូរទៅវិញទៅមក ការហ្វឹកហ្វឺន-បណ្តុះបណ្តាល ការធ្វើលំហាត់រួមគ្នា និងវិស័យផ្សេងៗទៀត ដែលផ្តល់ប្រយោជន៍ឲ្យកងទ័ពជើងគោកទាំងពីរ។

ជាមួយនឹងការអបអរសាទរ ចំពោះកម្រិតឈានឡើង នៃទំនាក់ទំនងប្រកបដោយសក្តានុពល ដូចពេលបច្ចុប្បន្ន សមភាគីទាំងពីរបានចាត់ទុកវឌ្ឍនភាពនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ នៃកិច្ចទំនាក់ទំនងទ្វេភាគី ក្នុងកម្រិតកងទ័ពជើងគោក ដោយឯកសារលក្ខខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការនេះ នឹងក្លាយជាមូលដ្ឋានមួយ ដ៏សំខាន់ក្នុងការត្រួសត្រាយផ្លូវ សំដៅឈានទៅពង្រឹង និងពង្រីកសកម្មភាពកិច្ចសហប្រតិបត្តិការ ជាក់ស្តែងនានា តទៅអនាគត៕

To Top