ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល ផ្តាំនិស្សិតវេជ្ជបណ្ឌិតឯកទេសកម្ពុជា បន្តការសិក្សានៅបារាំង ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីមកបម្រើជាតិវិញ

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានផ្តាំផ្ញើឱ្យនិស្សិតវេជ្ជបណ្ឌិតឯកទេសរបស់កម្ពុជាដែលបន្តការសិក្សានៅបារាំង ត្រូវខិតខំសិក្សារៀនសូត្រ ដោយនាំយកចំណេះជំនាញវិជ្ជាជីវៈមកលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា ជាពិសេសមកបម្រើដល់ប្រទេសជាតិ។

ក្នុងឱកាសជួបសំណេះសំណាល ជាមួយនិស្សិតវេជ្ជបណ្ឌិតឯកទេស ដែលត្រូវបន្តការសិក្សានៅសាធារណៈរដ្ឋបារាំងឆ្នាំសិក្សា ២០២៥-២០២៦ នាថ្ងៃ១៦ តុលា លោកសាស្រ្តាចារ្យ ឈាង រ៉ា បានណែនាំនិស្សិតអាហារូបករណ៍ និងនិស្សិតកំពុងសិក្សា ក្នុងជំនាញវិជ្ជាជីវៈរបស់ខ្លួន ត្រូវខិតខំសិក្សាឱ្យស្មើ នឹងតម្លៃនៃឱកាសកាលានុវត្តភាពដែលទទួល , ត្រូវធ្វើជាតំណាងឱ្យប្រទេស , ត្រូវយកចំណេះជំនាញ មកបម្រើសុខភាពប្រជាពលរដ្ឋកម្ពុជា , ត្រូវយល់ដឹងបានល្អ ត្រូវចេះសង្កេតក្នុងកម្មសិក្សាដោយអនុវត្តជាអត្ថប្រយោជន៍មួយ ដើម្បីពាំនាំនូវចំណេះជំនាញ និងបច្ចេកវិទ្យាទំនើប ទាំងផ្នែកបច្ចេកទេស មកកម្ពុជាវិញ ។

សាស្រ្តាចារ្យរដ្ឋមន្រ្តីបន្តថា និស្សិតជ័យលាភី និងនិស្សិតដែលកំពុងសិក្សា ជំនាញសុខាភិបាល ត្រូវខិតខំសិក្សាស្រូបយកចំណេះដឹង និងសម្លឹងធ្វើយ៉ាងណា ឱ្យមានចក្ខុវិស័យទូលាយ ដើម្បីជំនះបញ្ហាប្រឈមពាក់ព័ន្ធ ។ ត្រូវខិតខំសិក្សាដោយរំពឹងទុកថា នឹងទទួលបានការ ចាប់អារម្មណ៍ល្អ ដោយសារការខិតខំ របស់និស្សិតពីគ្រូបង្រៀននិងភាគីបារាំង ។ និស្សិតជ័យលាភ ត្រូវសិក្សាបន្ថែមចំណេះដឹងលើភាសា វប្បធម៌ និងការអនុវត្ត ជាពិសេសរក្សាបាន នូវភាពទំនាក់ទំនងជាប្រចាំ រហូតក្រោយពេលសិក្សាជាមួយគ្រូបង្ហាត់ផ្ទាល់ និងត្រូវខិតខំប្រឹងប្រែងសិក្សា ធ្វើយ៉ាងណាឱ្យពោរពេញ ដោយភាពជោគជ័យ ក្នុងអំឡុងពេលសិក្សារបស់ខ្លួន ។

ថ្លែងក្នុងឱកាសនោះដែរ លោកស្រី Marie Buscail ទីប្រឹក្សាទី១ នៃស្ថានទូតបារាំង ក៏បានរំលេចកិច្ចសហប្រតិបត្តិការរវាងប្រទេសបារាំង-កម្ពុជា ជាកិច្ចសហប្រតិបត្តិការបន្តមកតាំងពីយូរលង់ណាស់មកហើយ។ លោកស្រីបានកំណត់សំគាល់កម្ពុជា គឺជាប្រទេសលេខរៀងទី១ ក្នុងពិភពលោកដែលបញ្ជូននិស្សិតវេជ្ជបណ្ឌិតឯកទេសច្រើនជាងគេ ទៅបន្តកម្មសិក្សានៅប្រទេសបារាំង។
ចាប់ពីឆ្នាំ១៩៩៦ មកដល់ឆ្នាំ២០២៤ តាមរយៈកិច្ចសហប្រតិបត្តិការជាយូរលង់ ជាមួយដៃគូបារាំង ដោយមានការគាំទ្រពីស្ថានទូតបារាំងប្រចាំកម្ពុជា, សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានបញ្ជូននិស្សិត ១ ១៦១ នាក់ ទៅបន្តការសិក្សា ឬធ្វើកម្មសិក្សានៅប្រទេសបារាំង ខណៈឆ្នាំ២០២៥នេះ មាននិស្សិត ថ្នាក់វេជ្ជបណ្ឌិតឯកទេស សរុបចំនួន ៨៤ នាក់ បានទទួលអាហារូបករណ៍ទៅបន្តការសិក្សា នៅប្រទេសបារាំង៕

To Top