ក្រសួងសាធារណការ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ប្រព័ន្ធស្វ័យប្រវត្តិកម្ម នៃការដាក់ពាក្យស្នើសុំលិខិត អនុញ្ញាតធ្វើអាជីវកម្ម ដឹកជញ្ជូនក្នុងប្រទេស និងឆ្លងដែន តាមផ្លូវគោក»

ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ប្រព័ន្ធស្វ័យប្រវត្តិកម្ម នៃការដាក់ពាក្យស្នើសុំលិខិត អនុញ្ញាតធ្វើអាជីវកម្ម ដឹកជញ្ជូនក្នុងប្រទេស និងឆ្លងដែនតាមផ្លូវគោក» ។

ប្រព័ន្ធស្វ័យប្រវត្តិកម្ម នៃការដាក់ពាក្យស្នើសុំលិខិត អនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនក្នុងប្រទេស និងឆ្លងដែនតាមផ្លូវគោក ជាប្រព័ន្ធបច្ចេកវិទ្យា ដែលអនុញ្ញាត ឱ្យអ្នកប្រើប្រាស់ធ្វើការស្នើរសុំលិខិតអនុញ្ញាត តាមប្រព័ន្ធអនឡាញ ក្នុងនោះមានលិខិតអាជីវកម្មដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស (ដឹកទំនិញ) អាជីវកម្មដឹកជញ្ជូនផ្លូវគោកឆ្លងដែន និងអាជីវកម្មដឹកជញ្ជូនសាធារណៈ (ដឹកអ្នកដំណើរ)។
នេះជាសមិទ្ធផលថ្មីមួយទៀត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការធ្វើទំនើបកម្ម ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយផ្តោតលើប្រតិបត្តិករ ដឹកជញ្ជូន ដែលនេះមិនត្រឹមតែជាការធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលប៉ុណ្ណោះទេ តែជាការបោះជំហានដ៏ធំមួយ ក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅសម័យកាលបដិវត្តន៍ឧស្សាហកម្មទី៤ នៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ស្របតាមមាគ៌ាដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ថ្លែងក្នុងអង្គពិធី លោករដ្ឋមន្ត្រី បានលើកឡើងថា ប្រវត្តិកម្មថ្មីនេះ គឺជាសមិទ្ធផលថ្មីមួយទៀត របស់ក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងការ ធ្វើទំនើបកម្មការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋដោយផ្តោត លើប្រតិបត្តិករដឹកជញ្ជូន ដែលនេះមិនត្រឹមតែជាការធ្វើឱ្យ ប្រសើរឡើងនូវនីតិវិធីរដ្ឋបាលប៉ុណ្ណោះទេ តែជាការបោះជំហាន ដ៏ធំមួយក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅសម័យកាលបដិវត្តន៍ឧស្សាហកម្មទី៤ នៅក្នុងវិស័យ សាធារណការនិងដឹកជញ្ជូន ស្របតាមមាគ៌ាដឹកនាំដ៏ឈ្លាស វៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។
លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំទទួលបន្ទុក អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក អគ្គនាយកដ្ឋានបច្ចេកវិទ្យា និង ទំនាក់ទំនងសាធារណៈ ព្រមទាំងមន្ត្រីបច្ចេកទេសរបស់ក្រសួង ដែលបានយកចិត្តទុកដាក់ចូលរួម អនុវត្តការងាររបស់ក្រសួង នាពេលកន្លងមក ជាពិសេស បានចូលរួមសហការគ្នាយ៉ាងល្អប្រសើរ ក្នុងការគ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធស្វ័យ ប្រវត្តិកម្មដែលមានស្រាប់ និងការរិះរកវិធីសាស្ត្រ ថ្មីៗបង្កើតនូវប្រព័ន្ធស្វ័យប្រវត្តិកម្មថ្មីនេះ ដែលមានមុខងារគ្របដណ្តប់ និងសុវត្ថិភាពខ្ពស់សម្រាប់ បម្រើដល់ សេវាសាធារណៈរបស់ក្រសួងប្រកបដោយប្រសិទ្ធភាព។

គួរបញ្ជាក់ថា ក្រសួង បានដាក់ដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មចាប់ពីឆ្នាំ២០១៧ ដែលមានដូចជា ប្រព័ន្ធដាក់ពាក្យចុះបញ្ជី យានជំនិះ ប្រព័ន្ធត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ប្រព័ន្ធដាក់ពាក្យប្រឡងយកបណ្ណបើកបរ រួមជាមួយនឹងប្រព័ន្ធលេខពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត និងលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន ដែលបាននិង កំពុងធ្វើការផ្លាស់ប្តូររបៀបរបបការងារ និងការផ្តល់សេវាសាធារណៈ នៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ឆ្ពោះទៅកាន់ការធ្វើបរិវត្តកម្មឌីជីថលពេញលេញ ក្នុងគោលដៅផ្តល់ភាព ងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ កាត់បន្ថយនីតិវិធីស្មុគស្មាញ ចំណេញពេលវេលា និងលុបបំបាត់ ចំណាយក្រៅផ្លូវការប្រកបដោយជំនឿទុកចិត្ត និងប្រសិទ្ធភាពខ្ពស់ ៕

