ព័ត៌មានជាតិ

រដ្ឋមន្រ្តី អ៊ាង សុផល្លែត ៖ ចាប់ពីឆ្នាំ ក្រោយទៅរោងចក្រទាំងអស់ ត្រូវតែបំពាក់ឧបករណ៍​ ស្វ័យត្រួតពិនិត្យ តាមដានគុណភាពខ្យល់

ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តី ក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតី បិទយុទ្ធនាការប្រចាំឆ្នាំ ផ្ទៃមេឃពណ៌ខៀវ និង ការបញ្ចេញឧស្មន័ស្មើសូន្យឆ្នាំ២០៥០ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា បានមានប្រសាសន៍ថា នៅឆ្នាំ២០២៦ រោងចក្រទាំងអស់ ត្រូវតែបំពាក់ឧបករណ៍ ស្វ័យត្រួតពិនិត្យ តាមដានគុណភាពខ្យល់។

ក្រសួងបរិស្ថាន នឹងធ្វើការ សហការជាមួយក្រសួងពាណិជ្ជកម្ម ចាត់វិធានការច្បាប់ ប្រសិនបើក្រុមហ៊ុនណា ល្មើសគុណភាពខ្យល់ ឬធ្វើឱ្យខ្យល់ របស់យើងមិនស្អាត។

លោករដ្ឋមន្រ្តី បានថ្លែងថា អង្គការសហប្រជាជាតិ បានរកឃើញមូលហេតុចម្បងៗ នៃវិស័យចំនួន ៦ រួមមាន វិស័យថាមពល វិស័យឧស្សាហកម្ម វិស័យកសិកម្ម វិស័យព្រៃឈើ វិស័យគីមី និងវិស័យសំរាម ដែលធ្វើឱ្យមានការប្រែប្រួលអាកាសធាតុ និងមានការកើនឡើងកម្តៅផែនដី ។

លោករដ្ឋមន្រ្តី បានថ្លែងបន្ថែមថា កម្ពុជាបាន ចូលរួមឆ្លើយតបបញ្ហា ការប្រែប្រួលអាកាសធាតុ ស្របតាមគោល នយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចង្អុលបង្ហាញដល់ក្រសួងបរិស្ថាន ដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលមានសសរស្តម្ភ ចំនួន៣ គឺភាពស្អាត ភាពបៃតង និងចីរភាព ។ ភាពស្អាត នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានគ្របដណ្តប់លើវិស័យចំនួន ៥ ខាងលើដែលបង្កឱ្យមាន ឧស្ម័នផ្ទះកញ្ចក់ លើកលែងតែ វិស័យព្រៃឈើ។

លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ក្រសួងបរិស្ថានប្តេជ្ញាដោះស្រាយបញ្ហា នៃការប្រែប្រួលអាកាសធាតុលើវិស័យទាំងអស់នេះ ដើម្បីកម្ពុជាឈានឆ្ពោះ ទៅជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០ ។ ជាមួយគ្នានេះ ក្រសួងបរិស្ថានកំពុងរៀបចំ កោះស្រឡៅ នៅក្នុងខេត្តតកោះកុង ជាកោះអាព្យាក្រឹតកាបូន ។ ក្រសួងបរិស្ថាន នឹងផ្តល់ជូនប្រជាពលរដ្ឋ នៅទីនោះប្រើប្រាស់អំពូលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងរៀបចំដាក់ឧបករណ៍ ត្រួតពិនិត្យគុណភាពខ្យល់ ការរៀបចំហេដ្ឋារចនាសម្ព័នគ្រប់គ្រងសំរាម សំណល់ប្លាស្ទិក និង ជំរុញការគ្រប់គ្រង ធនធានធម្មជាតិ ដាំស្តារព្រៃ កោងកាង ជាពិសេស ។

ក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី បានថ្លែងអំពាវនាវ ឱ្យមានការ ចូលរួមក្នុងយុទ្ធនាការ របស់ក្រសួងបរិស្ថាន ដែលបានអនុវត្តកន្លងមក និងរួមគ្នា “យកជំហានឆ្លាតវៃ រួបរួមគ្នា” (take smart, united steps) ឆ្ពោះទៅរកខ្យល់ស្អាត និងការគ្រប់គ្រងសំរាម និងសំណល់រឹង ប្រកបដោយចីរភាព៕

To Top