ព័ត៌មានជាតិ

រដ្ឋមន្ដ្រី ប៉េង ពោធិ៍នា ផ្ដាំផ្ញើសិស្សានុសិស្សថា ត្រូវប្រើប្រាស់អ៊ីនធឺណែត និងបណ្តាញសង្គម ដោយប្រយ័ត្នប្រយែង

កណ្ដាល ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ ចុះមូលដ្ឋានស្រុកកោះធំ និងស្រុកស្អាង បានផ្ដាំផ្ញើដល់សិស្សានុសិស្ស ទាំងអស់ថា ធ្វើយ៉ាងណាចៀស ឱ្យឆ្ងាយពីគ្រឿងញៀន ងាកចេញពីអំពើអបាយមុខផ្សេងៗ និងប្រើប្រាស់អ៊ីនធឺណែត និងបណ្តាញសង្គម ដោយប្រយ័ត្នប្រយែងផងដែរ។

ក្នុងពីធីសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និងផ្តល់រង្វាន់ជ័យលាភីជូនសិស្សប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិនិទ្ទេស (A) សម័យប្រឡង ២៨ សីហា ២០២៥ ក្នុងស្រុកកោះធំ និងស្រុកស្អាង នាថ្ងៃទី១៧ តុលា នេះ លោក ប៉េង ពោធិ៍នា បានសម្ដែង នូវការកោតសរសើរ និងអបអរសាទរចំពោះសិស្សទាំងអស់ ដែលខិតខំសិក្សារៀនសូត្រ រហូតប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក៏ដូចជាចូលរួមត្រេកអរជាមួយ ឪពុកម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ទាំងអស់ដែលខិតខំបង្រៀន និងទំនុកបម្រុងរហូតទទួល បានលទ្ធផលល្អត្រចះត្រចង់ ក្នុងការសិក្សានេះ ច្បាស់ណាស់ថាលទ្ធផលដ៏ល្អនេះ កើតចេញពីការខិតខំប្រឹងប្រែងផ្ទាល់របស់ក្មួយៗ គួបផ្សំជាមួយនឹង ការជួយជ្រោមជ្រែង ពីសំណាក់លោកគ្រូ អ្នកគ្រូ និងការគាំទ្រពីសំណាក់ឪពុកម្ដាយ អាណាព្យាបាល ព្រមទាំងសហគមន៍។

ជាមួយគ្នានេះ លោក ក៏បានលើកទឹកចិត្តដល់សិស្ស ដែលមិនបានប្រឡងជាប់ សូមបន្តខិតខំសិក្សារៀនសូត្រ កុំបោះបង់ចោលការសិក្សា ហើយសូមជូនពរឱ្យប្រឡងជាប់ ក្នុងឆ្នាំសិក្សាថ្មីនេះ។

លោក ក៏ផ្តាំផ្ញើរដល់សិស្សទាំងអស់ថា «ក្រៅពីការខិតខំប្រឹងប្រែងខិតខំរៀនសូត្រ ធ្វើយ៉ាងណាចៀសឱ្យឆ្ងាយពីគ្រឿងញៀន ងាកចេញពីអំពើអបាយមុខផ្សេងៗ តាមរយៈការ ចូលរួមលេងកីឡាគ្រប់ប្រភេទ និងសូមប្រើប្រាស់អ៊ីនធឺណែត និងបណ្តាញសង្គម ដោយប្រយ័ត្នប្រយែងផងដែរ ដោយសារខ្លឹមសារមួយចំនួនដែលត្រូវបានចែកចាយ មានលក្ខណៈ អវិជ្ជមាន ឬបំពុលសង្គម ពោលគឺព្យាយាមប្រើប្រាស់វិស័យឌីជីថល ជាប្រយោជន៍នៃការ សិក្សារៀនសូត្រ ឬ ការស្រាវជ្រាវឱ្យបានជាអតិបរមា ជាជាងចំណាយពេលច្រើនសម្រាប់គ្រាន់តែជាការកំសាន្តសប្បាយ»។

លោក បានរំលឹកផងដែរថា ការសិក្សាបច្ចុប្បន្ន មានលក្ខណៈងាយស្រួលជាងកាលពីមុន ព្រោះសព្វថ្ងៃនេះ ដោយប្រទេសជាតិយើងមានភាពរីកចម្រើន និងការអភិវឌ្ឍធ្វើឱ្យក្មួយៗ មានលទ្ធភាពច្រើន ក្នុងការ ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ឬអីនធឺណែត ដើម្បីជាជំនួយក្នុង ការស្រាវជ្រាវ។ ការសិក្សាគឺជាការវិនិយោគដ៏ត្រឹមត្រូវបំផុតសម្រាប់ក្មួយៗ និងសង្គមជាតិ ពីព្រោះបើក្មួយៗបានសិក្សារៀនសូត្រខ្ពស់ ក្មួយៗអាចចូលរួមចំណែក បានច្រើនជាមួយរាជរដ្ឋាភិបាល ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍប្រទេសជាតិ យើងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

To Top