មន្ត្រីជំនាញ របស់ក្រសួងការងារ កំពុងស្តាប់សំណូមពរ របស់បងប្អូនកម្មករនិយោជិត នៃក្រុមហ៊ុនភីវី ដើម្បីឈាន ទៅរកដំណោះស្រាយ សមស្របបញ្ចប់ករណីតវ៉ា

ភ្នំពេញ ៖ នៅពេលនេះ មន្ត្រីជំនាញពីក្រសួង និងមន្ត្រីនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវ ដែលដឹកនាំដោយលោក ទុយ ស៊ីផាន់ រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងស្តាប់សំណូមពរ របស់បងប្អូនកម្មករនិយោជិត នៃក្រុមហ៊ុនភីវី អ៊ិនដាសស្រ្ទី(PEEVI INDUSTRY) ដែលមានទីតាំងក្នុងស្រុកបាទី ខេត្តតាកែវ ដើម្បីឈានទៅរកដំណោះស្រាយសមស្របនាពេលដ៏ខ្លីខាងមុខនេះដោយផ្អែកលើច្បាប់។ នេះគឺជាការបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៧ ខែតុលានេះ។

លោកបានលើកឡើងថា សំណូមពររបស់បងប្អូន កម្មករនិយោជិត និងកង្វល់របស់និយោជក គឺជាការគិតគូរជាអាទិភាព របស់ក្រសួងការងារ ដែលជាសេនាធិការ ជូនរាជរដ្ឋាភិបាល ក្នុងការធានា និងរក្សាបាន នូវសុខដុមនីយកម្ម នៅក្នុង សហគ្រាសរវាង និយោជិត និងនិយោជក ដែលជាការ ចង់បានរបស់រាជរដ្ឋាភិបាល ។ ជាមួយគ្នានេះ អ្នកនាំពាក្យដដែលរូបនេះ អំពាវនាវឱ្យបងប្អូន កម្មករនិយោជិត និងនិយោជកបន្តជឿជាក់លើការដោះស្រាយ និងសម្របសម្រួលរបស់ក្រសួងការងារ ក្នុងនាមជាអាណាព្យាបាល ៕





