ព័ត៌មានជាតិ

ប៉េអឹមម្នាក់ នៅស្រុកកំពង់សីលា ដកកាំភ្លើងគំរាម២​នាក់ប្តី-ប្រពន្ធត្រូវបានឃាត់ខ្លួនសួរនាំ

ភ្នំពេញ ៖ បុគ្គលឈ្មោះ ខាន់ នីរ៉ូត ឋានន្តរសក្តិ ព្រឹន្ទបាលទោ បម្រើការងារនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា ខេត្តព្រះសីហនុ ​ដែលបានយកកាំភ្លើងទៅគំរាម២នាក់ប្តី-ប្រពន្ធ​ ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចំណាត់ការបន្តតាមនីតិវិធី ។

លោកឧត្តមសេនីយត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងនៅតាមបណ្តាញ សង្គមហ្វេសប៊ុក នៅថ្ងៃ១៧ តុលាថា នៅថ្ងៃទី១៥ តុលា កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកព្រៃនប់ បានទទួលព័ត៌មាន ពីឈ្មោះ ថោង សេរីវិសិដ្ឋ អាយុ៣៦ឆ្នាំ និងប្រពន្ធឈ្មោះ ថន សុជាតិ អាយុ៣០ឆ្នាំ មុខរបរបើកបរឡានដឹកទំនិញ មានទីលំនៅស្ថិតនៅភូមិក្រសាំង ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀងថា “មានបុគ្គល១នាក់ ភេទប្រុស ជិះម៉ូតូ១គ្រឿង ម៉ាកADV ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១LG៨៩៨៦ ពាក់មួកសុវត្ថិភាពអក្សរ (អ.ហ.) ទិសដៅពីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ បានយកកាំភ្លើងខ្លី (មិនស្គាល់ម៉ាក) មកគំរាមអ្នកទាំងពីរ ខណៈបើកបរលើដង ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៧៥និង១៧៦ ស្ថិតនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទិសដៅផ្ទុយគ្នា។

ក្រោយទទួលព័ត៌មាននេះ ជំនាញកងរាជអាវុធហត្ថ បានធ្វើការស្រាវជ្រាវ រកឃើញបុគ្គលពាក់ព័ន្ធឈ្មោះ ខាន់ នីរ៉ូត ឋានន្តរសក្តិ ព្រឹន្ទបាលទោ បម្រើការងារនៅមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកំពង់សីលា និងបានបញ្ជូនបុគ្គលនោះ ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចំណាត់ការបន្តតាមនីតិវិធី។

ឧត្តមសេនីយ៍ត្រី អេង ហ៊ី បញ្ជាក់ថា ករណីខាងលើនេះ កម្លាំងកងរាជអាវុធហត្ថក៏បានធ្វើការសម្របសម្រួល ព្រមព្រៀងសូមទោសចំពោះទង្វើខុសឆ្គងនឹងវិន័យក្រមសីលធម៌ វិជ្ជាជីវៈ របស់បុគ្គលឈ្មោះ ខាន់ នីរ៉ូត ជាមួយនឹងឈ្មោះ ថោង សេរីវិសិដ្ឋ និងឈ្មោះ ថន សុជាតិ នៅថ្ងៃកើតហេតុនោះរួចរាល់។ បច្ចុប្បន្នបុគ្គលឈ្មោះ ខាន់ នីរ៉ូត បាននិងកំពុងធ្វើការឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បន្តនីតិវិធីទណ្ឌកម្មវិន័យកងទ័ព៕

To Top