ព័ត៌មានជាតិ

យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានឯកភាពគ្នា បង្កើនការប្រាស្រ័យទាក់ទង ក្នុងន័យកសាងទំនុកចិត្តឱ្យកាន់តែប្រសើរឡើង

ភ្នំពេញ ៖ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានឯកភាពគ្នា ក្នុងការបង្កើនការប្រាស្រ័យទាក់ទងជាមួយគ្នា ទោះដោយការជួបផ្ទាល់ ឬតាមប្រព័ន្ធទំនាក់ទំនង ក្នុងន័យកសាងទំនុកចិត្ត ជាមួយគ្នាឱ្យកាន់តែប្រសើរឡើង ។ នេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការពារជាតិ។

លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា តបតាមការអញ្ជើញ របស់ប្រធានក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) កងទ័ពភូមិភាគទី ២ថៃ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ ប្រធានក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នៃយោធភូមិភាគទី៤ កម្ពុជា បានជួបពិភាក្សាការងារ ជាមួយអនុប្រធានក្រុមលេខា នៃគណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) កងទ័ពភូមិភាគទី២ ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ។

ប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ និងជាប្រធានក្រុមលេខា និងប្រតិភូភាគីថៃដឹកនាំដោយ វរសេនីយ៍ឯក យុត្ថាសាត សេតថាឆៃ នាយរងសេនាធិការ កងទ័ពភូមិភាគទី២ និងជាអនុប្រធានក្រុមលេខាធិការ។

ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរ បានពិភាក្សាគ្នា លើរបៀបវារៈសំខាន់ៗមួយចំនួន នៅក្នុងដែនសមត្ថកិច្ចរបស់ RBC ដើម្បីរៀបចំឱ្យក្លាយ ទៅជាសកម្មភាព ជាក់ស្តែងប្រកបដោយស្ថាបនា ស្របតាមស្មារតី នៃការប្រគល់ភារកិច្ចរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៃប្រទេសទាំងពីរកម្ពុជា-ថៃ រួមទាំងខ្លឹមសារដែលបានឯកភាពគ្នា ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ រវាងយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ។

ជាលទ្ធផល ភាគីទាំងពីរ បានឯកភាពគ្នា ក្នុងការបង្កើនការប្រាស្រ័យទាក់ទងជាមួយគ្នា ទោះដោយការជួបផ្ទាល់ ឬតាមប្រព័ន្ធទំនាក់ទំនង ក្នុងន័យកសាងទំនុកចិត្តជាមួយគ្នា ឱ្យកាន់តែប្រសើរឡើង ។

គួររំលឹកផងដែរថា កិច្ចប្រជុំនេះ គឺបានកើតចេញពីលទ្ធផល នៃកិច្ចប្រជុំពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ដែលសម្រេចឱ្យបាននូវបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលភាគីទាំងពីរបញ្ជាក់សាជាថ្មី អំពីការបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវលទ្ធផលនៃកិច្ចប្រជុំពិសេសនេះ ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការបន្តកិច្ចខិតខំប្រឹងប្រែង កាត់បន្ថយភាពតានតឹង តាមបណ្តោយព្រំដែន ព្រមទាំងស្វែង រកកិច្ចសហប្រតិបត្តិការ ជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ និងឈានដល់ការវិល ត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ បានឆាប់រហ័ស ៕

To Top