កម្ពុជា-កូរ៉េ ជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មឆ្លងដែន

ភ្នំពេញ ៖ កម្ពុជា-កូរ៉េ បានផ្លាស់ប្តូរយោបល់ លើការពង្រឹង កិច្ចសហប្រតិបត្តិការទ្វេភាគី និងជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មឆ្លងដែន ពិសេស ការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត ។

នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេស លោកស្រី យ៉ិនទៀង ពុទ្ធិរស្មី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី គឹម ជីណា អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូ ដើម្បីពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាពដ៏យូរលង់ និងភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។

ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់លើការពង្រឹង កិច្ចសហប្រតិបត្តិការទ្វេភាគី និងជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស ការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត ។

នៅក្នុងជំនួប លោកស្រី យ៉ិនទៀង ពុទ្ធិរស្មី បានពន្យល់ និងបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាល និងយន្តការដែលមានស្រាប់ ក្នុងការប្រយុទ្ធប្រឆាំង នឹងការបោកប្រាស់ តាមអ៊ីនធឺណិត ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពប្រជាជន រួមទាំងជនបរទេស ដែលរស់នៅក្នុងប្រទេសកម្ពុជាផងដែរ ៕


