ក្រសួងការងារដោះស្រាយបញ្ចប់ការតវ៉ារបស់បងប្អូនកម្មករនៅក្រុមហ៊ុន ភីវី យ៉ាងលឿនរហ័ស

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដោះស្រាយបញ្ចប់ករណីកម្មករនិយោជិត នៅក្រុមហ៊ុន ភីវី អ៊ិនដាសស្រ្ទី (ខេមបូឌា) ឯ.ក រួចរាល់ហើយ នៅរសៀលថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥នេះ។ នេះបើតាមការឱ្យដឹងពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ការដោះស្រាយបញ្ចប់រួចរាល់នេះ គឺក្រោមការដឹកនាំកិច្ចប្រជុំដោយលោក ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីក្រុមអន្តរាគមន៍ដោះស្រាយរបស់ក្រសួង លោកប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ តំណាងក្រុមហ៊ុន និងតំណាងបងប្អូនកម្មករនិយោជិត។
កាលពីព្រឹកមិញនេះ កម្មករនិយោជិតជាង ៧០០នាក់ នៅក្រុមហ៊ុន ភីវី អ៊ិនដាសស្រ្ទី (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ២ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ បានតវ៉ាករណីក្រុមហ៊ុនជូនដំណឹងអំពីការផ្លាស់ប្តូរនាមករណ៍ថ្មី និងផ្លាស់ប្ដូរនិយោជកថ្មី នៅចុងឆ្នាំ ២០២៥។
លោក ស៊ុន មេសា បានឱ្យដឹងបន្តថា បន្ទាប់ពីកិច្ចប្រជុំ ភាគីកម្មករនិយោជិត បានឯកភាពយល់ព្រមចូលធ្វើការងារវិញនៅថ្ងៃស្អែក ហើយភាគីនិយោជក បានឯកភាពរក្សាអត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករនិយោជិត ដែលមាននៅក្នុងច្បាប់។
អ្នកនាំពាក្យក្រសួងការងារដដែល បានបញ្ជាក់បន្ថែមថា មន្ត្រីមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ នឹងបន្តពិនិត្យតាមដានករណីនេះ នៅថ្ងៃស្អែក បន្ថែមទៀត៕






