លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បន្តជំរុញការងារ អភិវឌ្ឍច្រាំង ស្ទឹងពោធិ៍សាត់ ដើម្បីត្រៀមស្វាគមន៍ ភ្ញៀវទេសចរ !

ពោធិ៍សាត់៖ នៅព្រឹកថ្ងៃសុក្រ ទី ១៧ ខែតុលា ឆ្នាំ២០២៥ នេះ លោក ខូយ រីដា អភិបាល នៃគណៈអភិបាល ខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់នូវ វឌ្ឍនភាពការងារអភិវឌ្ឍច្រាំង ស្ទឹងត្រើយខាងកើត ស្ថិតនៅចំណុចមុខ វត្តអារាម កែវ សុវណ្ណ ក្នុងក្រុងពោធិ៍សាត់។

ការចុះពិនិត្យនេះ ធ្វើឡើងបន្ទាប់ពីគម្រោងអភិវឌ្ឍន៍ តំបន់មាត់ស្ទឹង ត្រូវបានអនុវត្តន៍ ជាច្រើនជំហានកន្លងមក ហើយបង្ហាញនូវការរីកចម្រើនគួរឲ្យកត់ សម្គាល់ក្នុងការប្រែក្លាយតំបន់នេះ ទៅជាទីប្រជុំជនប្រកបដោយសោភ័ណភាព និងសណ្តាប់ធ្នាប់។

គោលបំណងសំខាន់ៗ នៃការចុះពិនិត្យ៖
- ជំរុញល្បឿនការងារ៖ លោកអភិបាលខេត្ត បានជំរុញឲ្យក្រុមការងារ បន្តពន្លឿនការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការរៀបចំសួនច្បារ និងបង្គោលភ្លើងបំភ្លឺសាធារណៈ ជាដើម។
- ធានាគុណភាព៖ លោកអភិបាលខេត្តបានផ្តោតលើការត្រួតពិនិត្យការរៀបចំកន្លែងថ្មើរជើង (Promenade) តាមបណ្តោយស្ទឹង ដើម្បីធានាថាប្រជាពលរដ្ឋអាចប្រើប្រាស់ទីធ្លាសាធារណៈនេះប្រកបដោយសុវត្ថិភាព និងផាសុកភាព។
- ត្រៀមទទួលបុណ្យទន្លេ៖ ការអភិវឌ្ឍន៍នេះ គឺដើម្បីត្រៀមលក្ខណៈឲ្យខេត្តពោធិ៍សាត់កាន់តែមានភាពស្រស់ស្អាត ទាក់ទាញ និងសក្តិសមជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ជាតិធំៗនាពេលអនាគត។

លោក ខូយ រីដា អភិបាល ខេត្តពោធិ៍សាត់ ក៍បានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន និងបានថ្លែងអំណរគុណ ដល់អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមសហការ ក្នុងការអនុវត្តគម្រោង អភិវឌ្ឍន៍ដ៏មានសារៈសំខាន់នេះ៕






ប្រភព&រូបភាព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ហ៊ុន ធឿន(ដើមអម្ពិល)
