គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ជំរុញ OHCHR ចុះសង្កេតការណ៍ ឱ្យបានឆាប់ដោយផ្ទាល់ ពាក់ព័ន្ធនឹង ការប្រើសំឡេងរំខាន នៅតាមបណ្តោយ ព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ ៖ គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានជំរុញឱ្យការិយាល័យ ឧត្តមស្នងការអង្គការ សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ចុះសង្កេតការណ៍ឱ្យបានឆាប់ដោយផ្ទាល់ ពាក់ព័ន្ធនឹងការប្រើសំឡេងរំខាន ជាទម្រង់នៃការធ្វើទុក្ខបុកម្នេញ ការបំភិតបំភ័យ និងការយាយីផ្លូវចិត្ត នៅតាមបណ្តោយ ព្រំដែនកម្ពុជា-ថៃ។
ប្រទេសថៃ កាន់តែគឃ្លើន បានប្រើប្រាស់ច្បាប់ព្រៃ មិនគោរពច្បាប់អន្តរជាតិ និងមើលងាយយន្តការអន្តរជាតិ។ ប្រសិនបើ OHCHR មិនមានវិធានការ ទាន់ពេលវេលា និងម៉ឺងម៉ាត់ទេ នោះអាចបណ្តាល ឱ្យសហគមន៍អន្តរជាតិ បាត់បង់សេចក្តីទុកចិត្ត លើច្បាប់ ក៏ដូចជាយន្តការអន្តរជាតិទាំមូល ។

គ.ស.ម.ក. គូសបញ្ជាក់ថា កង្វះខាតសកម្មភាពជាក់ស្តែង និងទាន់ពេលវេលា អាចនឹងត្រូវ បកស្រាយថា ជាការយល់ស្រប ឬការព្រងើយកន្តើយ ចំពោះការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្ស អន្តរជាតិ និងសិទ្ធិមនុស្សធម៌អន្តរជាតិ។ ភាពអសកម្មភាពនេះ នឹងបង្កើតជាគំរូអាក្រក់ ចំពោះ និទណ្ឌភាព ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះ និងប្រសិទ្ធភាព នៃប្រព័ន្ធការពារសិទ្ធិមនុស្សអន្តរជាតិ ចុះខ្សោយផងដែរ។
បើទោះបីជាមានការបង្កហេតុជាបន្តបន្ទាប់ក៏ដោយ ក៏ប្រទេសកម្ពុជា បានប្រកាន់យកវិធានការមិន ឆ្លើយតប ការគោរពចំពោះយន្តការអន្តរជាតិ និងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ចំពោះនីតិរដ្ឋ ព្រោះការកើនឡើង នៃភាពតានតឹង នឹងបង្កផលប៉ះពាល់ជាអវិជ្ជមានដល់ប្រជាជននៃប្រទសទាំងពីរ ជាពិសេសសិទ្ធិរស់រានមាន ជីវិត និងសន្តិសុខបុគ្គល។
គ.ស.ម.ក. នៅតែប្តេជ្ញាចិត្ត ក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹងឯកឧត្តម ព្រមទាំងសហការីរបស់ ឯកឧត្តម ក្នុងការដោះស្រាយបញ្ហា និងការពារសិទ្ធិមនុស្សរបស់ប្រជាជនស្លូតត្រង់ទាំងអស់នៅតាមតំបន់ ព្រំដែនកម្ពុជា-ថៃ។




