ព័ត៌មានជាតិ

គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ៖ សន្តិភាព គឺជាអុកស៊ីហ្សែន នៃការអភិវឌ្ឍ

ភ្នំពេញ ៖ ថ្លែងក្នុងកិច្ចសន្ទនាគោលនយោបាយអាស៊ាន-សហភាពអឺរ៉ុប លើកទី៦ ស្តីពី សិទ្ធិមនុស្សឆ្នាំ២០២៥, លោក វ៉ាន ដាណា សមាជិក គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានលើកឡើងថា សន្តិភាព គឺជាអុកស៊ីហ្សែននៃការអភិវឌ្ឍ ហើយសន្តិភាពជំរុញការអភិវឌ្ឍ, ការអភិវឌ្ឍពង្រឹងសន្តិភាព។

តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់លោក កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងជាតំណាងប្រទេសកម្ពុជា ប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) លោក វ៉ាន ដាណា សមាជិក គ.ស.ម.ក. បានចូលរួមជាវាគ្មិន ក្នុងកិច្ចសន្ទនាគោល នយោបាយអាស៊ាន-សហភាពអឺរ៉ុបលើកទី៦ ស្តីពីសិទ្ធិមនុស្សឆ្នាំ២០២៥ នាថ្ងៃទី១៥-១៧ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

កិច្ចសន្ទនានេះ មានគោលបំណង ដើម្បីពង្រឹងកិច្ចសន្ទនាគោលនយោបាយ និងកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងអាស៊ានលើផ្នែកសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ចែករំលែក និងផ្លាស់ប្តូរទស្សនៈ និងការអនុវត្តល្អរវាងសហភាពអឺរ៉ុប និងអាស៊ានទាក់ទងនឹងបទពិសោធន៍ និងការអភិវឌ្ឍក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស និងពង្រឹងទំនាក់ទំនងរវាង សហភាពអឺរ៉ុប និងអង្គការអាស៊ាននានាដែលពាក់ព័ន្ធ។

ជាមួយគ្នានេះដែរ ក្រោមប្រធានបទ «សិទ្ធិក្នុងការអភិវឌ្ឍ និងសន្តិភាព» លោក វ៉ាន ដាណា សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានថ្លែងថា «សន្តិភាពជាអុកស៊ីហ្សែន នៃការអភិវឌ្ឍ។ សន្តិភាពជំរុញ និងពង្រឹងការអភិវឌ្ឍ»។ ដោយ លោក បានសង្កត់ន័យថា សន្តិភាព និងការអភិវឌ្ឍ ពឹងផ្អែកលើគ្នាទៅវិញទៅមក និងជាមូលដ្ឋានគ្រឹះសម្រាប់សិទ្ធិមនុស្ស។

ជាឧទាហរណ៍ជាក់ស្តែង លោក បានបង្ហាញពី បទពិសោធន៍របស់កម្ពុជា ក្នុងការអភវិឌ្ឍជាតិក្រោយទទួលបានសន្តិភាពជាង ២៦ឆ្នាំ បន្ទាប់ពីពសង្រ្គាម ក្រោមគោលនយោបាយ ឈ្នះ-ឈ្នះ ព្រមទាំងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (២០២៣-២០២៨)៕

To Top