ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំលើកទី៧៦ របស់អង្គការសុខភាពពិភពលោក

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃ១៨ តុលា នេះបានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៧៦ របស់អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៅរដ្ឋធានីណាឌី សាធារណរដ្ឋហ្វីជី ចាប់ពីថ្ងៃទី២០-២៤ តុលា។

កិច្ចប្រជុំអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច គឺជាវេទិកាថ្នាក់តំបន់មួយ ដែលរៀបចំឡើងជាទៀងទាត់រៀងរាល់ឆ្នាំ ដោយមានការចូលរួមពី រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឬតំណាងរដ្ឋ សមាជិក និងដែនដី ចំនួន ៣៧ប្រទេស/ដែនដី ដើម្បីរៀបចំគោលនយោបាយ ត្រួតពិនិត្យកម្មវិធី ឬគម្រោងនានាក្នុងតំបន់ របាយការណ៍វឌ្ឍនភាព ពិចារណាកែសម្រួល និងអនុម័តគំនិតផ្តួចផ្តើមថ្មីៗ។ លើសពីនេះ កិច្ចប្រជុំធ្វើឡើង ដើម្បីស្វែងរក និងអនុម័តដំណោះស្រាយបញ្ហានានា និងរៀបចំសេចក្ដីសម្រេច ដើម្បីផ្ដល់ការណែនាំការងារទៅការិយាល័យថ្នាក់តំបន់ និងការិយាល័យប្រចាំប្រទេសសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។

ក្នុងការកិច្ចប្រជុំនោះ សាស្រ្តាចារ្យរដ្ឋមន្រ្តី នឹងអញ្ជើញធ្វើបទអន្តរាគមន៍ លើប្រធានបទសំខាន់ៗ ស្តីពីលទ្ធផលសម្រេចបានក្នុង វិស័យសុខាភិបាល របស់ព្រះរាជាណាចក្រកម្ពុជា និងផែនការអាទិភាព សុខាភិបាល ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (UHC) ដែលបង្ហាញពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខភាពប្រជាជន និងភាពជាដៃគូដ៏រឹងមាំ រវាងអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល ៕

To Top