ព័ត៌មានជាតិ

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំក្រុមការងារវាយតម្លៃទីក្រុងស្អាត ជំរុញការត្រៀមលក្ខណៈឆ្ពោះទៅដណ្តើមជ័យលាភី «ផ្ការំដួល​៣ទង»

ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២៥នេះ នៅសាលប្រជុំជាន់ទី១ សាលាខេត្តពោធិ៍សាត់ មានការបើកកិច្ចប្រជុំក្រុមការងារ វាយតម្លៃទីក្រុងស្អាត ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពរបស់លោក ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់លោកខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ។

​កិច្ចប្រជុំដ៏សំខាន់នេះ មានគោលបំណងពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាព នៃការអនុវត្តលក្ខណៈវិនិច្ឆ័យស្តង់ដា «ទីក្រុងស្អាត» របស់ក្រុងពោធិ៍សាត់ ដែលជាបេក្ខភាពប្រឡងប្រណាំងថ្នាក់ជាតិ សម្រាប់ឆ្នាំ២០២៦ ២០២៩ ។ ក្នុងនោះ ក៏មានការចូលរួមពីប្រធាន អនុប្រធាន និងសមាជិកក្រុមការងារ ទាំងអស់ ដែលជាមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។

​លោក ពៅ ពិសិដ្ឋ បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការប្រឡងប្រណាំងទីក្រុងស្អាត ដែលមិនត្រឹមតែជាចលនាជាតិ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ប៉ុណ្ណោះទេ តែថែមទាំងជាការទទួលខុសត្រូវ រួមក្នុងការកែលម្អបរិស្ថាន សណ្ដាប់ធ្នាប់សាធារណៈ និងសោភណភាពក្នុងខេត្តផងដែរ ។

​ក្នុងកិច្ចប្រជុំ ក្រុមការងារ បានធ្វើការពិភាក្សា និងបូកសរុបលទ្ធផលសម្រេចបានកន្លងមក ព្រមទាំងកំណត់នូវចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមនានា ដែលតម្រូវឱ្យមានការដោះស្រាយជាបន្ទាន់ ។ លោកអភិបាលរងខេត្ត បានដាក់ចេញនូវទិសដៅ និងអនុសាសន៍សំខាន់ៗមួយចំនួន ដើម្បីធានាថា ខេត្តពោធិ៍សាត់អាចបំពេញលក្ខខណ្ឌគ្រប់គ្រាន់ តាមសូចនាករគោលទាំង ៧ របស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដូចជា ៖
១.​ពង្រឹងការគ្រប់គ្រងសំណល់ និងបរិស្ថាន ។
​២.ជំរុញការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋ។
​៣.កែលម្អហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងតំបន់បៃតង។
​៤.ធានាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ទីក្រុង។

​លោក ពៅ ពិសិដ្ឋ ក៏បានជំរុញឱ្យគ្រប់អនុគណៈកម្មការ និងមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការគ្នាយ៉ាងជិតស្និទ្ធ បង្កើនការចុះត្រួតពិនិត្យ ដល់ទីតាំងជាក់ស្តែង និងរៀបចំរបាយការណ៍បច្ចុប្បន្នភាពជាប្រចាំ ដើម្បីរៀបចំខ្លួនទទួលការវាយតម្លៃផ្លូវការពីគណៈកម្មាធិការជាតិ ឆ្ពោះទៅដណ្តើមបានជ័យលាភី «ផ្ការំដួល៣ទង» កម្រិតខ្ពស់សម្រាប់ខេត្តពោធិ៍សាត់នាពេលខាងមុខ។

​កិច្ចប្រជុំបានបញ្ចប់ដោយបរិយាកាសរីករាយ និងការប្តេជ្ញាចិត្តខ្ពស់ពីសមាជិកក្រុមការងារទាំងអស់ ក្នុងការអនុវត្តនូវផែនការការងារដែលបានដាក់ចេញ៕

ប្រភព&រូបភាព÷រដ្ឋបាលក្រុងពោធិ៍សាត់
ដោយ÷ហ៊ុន ធឿន(ដើមអម្ពិល)

To Top