ក្រសួងការងារ និងអង្គការ ILO បើកសិក្ខាសាលា ស្ដីពី ការស្វែងយល់សក្ដានុពល នាពេលអនាគត សម្រាប់ក្រុមប្រឹក្សាជំនាញតាមវិស័យនៅកម្ពុជា

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ (ILO) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពី “ការស្វែងយល់សក្ដានុពលនាពេលអនាគត សម្រាប់ក្រុមប្រឹក្សាជំនាញតាមវិស័យនៅកម្ពុជា៖ ការចែករំលែកចំណេះដឹង និងការអនុវត្តជាសកល” ក្រោមអធិបតីភាពលោក គួច សុមាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារ Sun & Moon Riverside Hotel។

ពិធីនេះ មានការចូលរួមពីលោក ទុន សោភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិ នៃអង្គការអន្តរជាតិខាងការងារ (ILO), លោក ទេព សុភ័ណ្ឌ នាយកប្រតិបត្តិសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា(CAMFEBA), និងសមាសភាពពាក់ព័ន្ធចំនួន ២៥រូប។

សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិនេះ មានគោលបំណងបង្ហាញលទ្ធផលនៃរបាយការណ៍វាយតម្លៃក្រុមប្រឹក្សាជំនាញតាមវិស័យ និងការវិភាគអំពីចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាព ព្រមទាំងការគំរាមកំហែងលើគំរូក្រុមប្រឹក្សាជំនាញតាមវិស័យ (SSCs) នៅកម្ពុជា ក៏ដូចជាចែករំលែកបទពិសោធអន្តរជាតិអំពីគំរូ និងនិន្នាការសហការរវាងរដ្ឋ និងឯកជន ក្នុងការអភិវឌ្ឍជំនាញ៕





