ព័ត៌មានជាតិ

ឧបកនាយករដ្ឋមន្ត្រី ស សុខា ចាត់ទុកសិស្សប្រឡងជាប់និទ្ទេសA នៅខេត្តព្រៃវែង ជាការឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ពីភាពរីកចម្រើន នៃវិស័យអប់រំនៅកម្ពុជា

ព្រៃវែង ៖ លោកឧបកនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានចាត់ទុកសិស្សប្រឡងជាប់និទ្ទេស A ចំនួន ១០នាក់ នៅស្រុកបាភ្នំ រួមទាំងកំណើនសិស្សជាប់និទ្ទេស A នៅខេត្តព្រៃវែងទាំងមូល ថាជាការឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីភាពរីកចម្រើននៃវិស័យអប់រំនៅកម្ពុជា ស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាល។

ថ្លែងក្នុងពិធីសម្ពោធឆ្លងក្លោងទ្វារ សួនច្បារ រូបសំណាក និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាទ្រា ស្ថិតក្នុងភូមិទ្រា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ លោកឧបកនាយករដ្ឋមន្ត្រី ស សុខា បានចាត់ទុកសមិទ្ធផលនេះថា «ជាចំណែកដ៏សំខាន់មួយទៀតនៃការរីកចម្រើនវិស័យអប់រំ និងក៏ជាការបញ្ជាក់ពីសុខសន្តិភាព ដែលកម្ពុជា ទទួលបានដោយលំបាកបំផុត ក្រោយសម័យសង្គ្រាម ពោលគឺចាប់តាំងពីប្រទេសមិនមានសល់អ្វីសោះ រហូតបច្ចុប្បន្នមានការអភិវឌ្ឍ និងរីកចម្រើនស្ទើរគ្រប់វិស័យ ជាពិសេសគឺវិស័យអប់រំ ដែលទាមទារឱ្យមានការចូលរួមបន្តទៀត ខណៈការអប់រំបណ្តុះបណ្តាល គ្មានទីបញ្ចប់នោះទេ»។

ក្នុងន័យនេះ លោកឧបកនាយករដ្ឋមន្ត្រី ស សុខា បានមានប្រសាសន៍ ឈរលើមរតកនយោបាយដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា មកដល់នីតិកាលទី៧ នៃរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តពង្រឹងបន្ថែមទៀត វិស័យអប់រំ ដែលជាមុំសំខាន់មួយនៃយុទ្ធសាស្ត្របញ្ចកោណ។

ជាក់ស្តែងនៅឆ្នាំសិក្សា២០២៤-២០២៥ ខេត្តព្រៃវែងទាំងមូល ទទួលបានចំណាត់ថ្នាក់សិស្សប្រឡងជាប់និទេ្ទស A រហូតទៅដល់ ១៥៤នាក់ ដែលជាចំនួនមួយដ៏ច្រើន និងជាមោទនភាពសម្រាប់ខេត្តព្រៃវែង៕

To Top