ព័ត៌មានជាតិ

សម្តេចធិបតី៖ កម្ពុជា មិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ ធ្វើឱ្យបាត់បង់ទឹកដីនោះទេ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជា មិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ រាប់ទាំងកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីថ្ងៃ២៨ កក្កដា និងកិច្ចព្រមព្រៀងសន្តិភាព គ្រោងចុះហត្ថលេខានៅពេលខាងមុខ ដែលនឹងធ្វើឱ្យបាត់បង់ ដែនអធិបតេយ្យភាពនិងបូរណភាពទឹកដី ស្របច្បាប់របស់កម្ពុជាទេ។

ការចេញមកអះអាងរបស់សម្តេចធិបតី ខាងលេីនេះ ធ្វេីឡេីងបន្ទាប់ពីបានឃើញ នូវការអត្ថាធិប្បាយមួយចំនួន តាមបណ្តាញសង្គម ដែលបានលើកឡើងថា កិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃ២៨ កក្កដា ២០២៥កន្លងទៅ និងកិច្ចព្រមព្រៀងសន្តិភាពនាពេលខាងមុខ គឺជាថ្នូរនឹងការធ្វើឱ្យកម្ពុជាបាត់ដី។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០៥នេះ សម្តេចធិបតី បានគូសបញ្ជាក់ ថា កិច្ចព្រមព្រៀងបទឈប់បាញ់ (២៨ កក្កដា ២០២៥) គឺនិយាយអំពីលក្ខណ្ឌនិងក្រមប្រតិបត្តិនានា ដើម្បីបញ្ជៀសកុំឱ្យមានការបាញ់គ្នាឡើងវិញ។

ក្នុងនោះសម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា កិច្ចព្រមព្រៀងសន្តិភាព (ដែលគ្រោងធ្វើនៅពេលខាងមុខ) គឺនិយាយអំពីការរៀបចំ លក្ខណនិងក្រមប្រតិបត្តិនានា សម្រាប់បង្កើតនិងធានា នូវបរិយាកាសអំណោយផល ដើម្បីឈានទៅការបញ្ចប់ជម្លោះ និងស្តារឡើងវិញនូវទំនាក់ទំនង រវាងប្រទេសប្រទេសនិងប្រទេស។

ដោយសម្តេចធិបតី អះអាងថា ទោះជាក្នុងកិច្ចព្រមព្រៀងទាំងពីរនេះ មិនមាននិយាយអំពីបញ្ហាពាក់ព័ន្ធនឹងទឹកដីឬព្រំដែន ក៏មិនមែនបានន័យថាភាគីណាមួយ ត្រូវយល់ព្រមបោះបង់សិទ្ធិស្របច្បាប់ ក្នុងការគ្រប់គ្រងទឹកដី ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួននោះទេ។

បន្ថែមលេីនេះ សម្តេចថ្លែងថា ការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនគោក គឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) ហើយដែលត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀង ដែលមានស្រាប់រវាងប្រទេសទាំងពីរ កម្ពុជានិងថៃ។

ក្នុងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វេីការគូសបញ្ជាក់ពីរចំណុចថា ១. កម្ពុជា មិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ, ដោយរាប់ទាំងកិច្ចព្រមព្រៀងបទឈប់បាញ់ (ថ្ងៃ ២៨ កក្កដា ២០២៥) និងកិច្ចព្រមព្រៀងសន្តិភាព (ដែលគ្រោងចុះហត្ថលេខានៅពេលខាងមុខ), ដែលនឹងធ្វើឱ្យបាត់បង់ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ។ និង២. រាជរដ្ឋាភិបាលកម្ពុជា ក៏មិនដែលបានភ្លេច ឬបោះបង់កាតព្វកិច្ច និងសិទ្ធិស្របច្បាប់របស់ខ្លួន ក្នុងការការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាដែរ៕

ដោយ៖​ ដារាត់| ដើមអម្ពិល

To Top