បណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកពញាឮ ខេត្តកណ្តាល

កណ្តាល៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ព្រមទាំងសហការី កាលពីរសៀលថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០២៥នេះបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកពញាឮ ខេត្តកណ្តាល។

នៅក្នុងកម្មវិធីសំណេះសំណាលនោះក៏មានការអញ្ជើញចូលរួមពីលោក ថន សុវណ្ណា អភិបាល នៃគណៈអភិបាលស្រុកពញាឮ អាជ្ញាធរមូលដ្ឋានក្នុងស្រុកពញាឮ ដែលមានអ្នកចូលរួមសរុបប្រមាណ ៥៩៤ នាក់។


ក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច ក៏បានគូសរំលេចអំពីទុក្ខលំបាករបស់បងប្អូនប្រជាកសិករយើងដែលកន្លងមកតែងតែជួបប្រទះពីមួយឆ្នាំទៅមួយឆ្នាំទាក់ទងនឹងបញ្ហាតម្លៃកសិផល ខណៈដែលការព្រួយបារម្ភដូចៗគ្នា (១)លើការប្រែប្រួលអាកាសធាតុ (២) បញ្ហាតម្លៃ និងគុណភាពនៃធាតុចូលកសិកម្មជីថ្នាំ (៣) ផលិតផលគ្មានទីផ្សារ (៤) កម្ចីដែលមានអត្រាការប្រាក់ខ្ពស់និង(៥)តម្លៃកសិផលមិនមានស្ថិរភាព ។

លោកបណ្ឌិត កៅ ថាច បានចង្អុលបង្ហាញពីរបៀបនៃការកាត់បន្ថយថ្លៃដើមដែលមានភាពងាយស្រួល និងមានប្រសិទ្ធភាពនោះ គឺការបង្កើនទិន្នផល តាមរយៈការប្រេីប្រាស់ពូជមានទិន្នផលខ្ពស់ និងកសិករត្រូវយកចិត្តទុកដាក់ថែទាំដំណាំដូចថែទាំមនុស្ស និងត្រូវយល់ដឹងថាពេលវេលាឬម៉ោងណាដំណាំត្រូវការទឹកឬជី និងប្រេីប្រាស់ថ្នាំកំចាត់សត្វល្អិតអោយចំពេលវេលា ជាដេីម។

លោកបណ្ឌិតប្រតិភូបានពន្យល់ បង្ហាញពីបញ្ហាតម្លៃស្រូវធ្លាក់ថ្លៃ ដោយបញ្ហានេះមិនមែនជាបញ្ហាក្នុងស្រុកទេ តែជាបញ្ហាជាសកលនៅលើទីផ្សារអង្ករអន្តរជាតិតែម្តង។ យោងតាមរបាយការណ៍អាកាសធាតុពិភពលោក ដែលបានព្យាករណ៍ថាក្នុងឆ្នាំ២០២៥ នឹងមានគ្រោះធម្មជាតិ បង្កឱ្យប្រទេសមួយចំនួនមានការព្រួយបារម្ភចំពោះបញ្ហាសន្ដិសុខស្បៀង ហើយបានបញ្ជាទិញអង្ករក្នុងឆ្នាំ២០២៤យ៉ាងច្រើនទើបការប្រើប្រាស់ក្នុងឆ្នាំ២០២៥ មិនទាន់អស់ ឧទាហរណ៍ដូចជាប្រទេសឥណ្ឌូនេស៊ី ប្រទេសហ្វីលីពីន។

លោកបណ្ឌិតប្រតិភូបានមានអនុសាសន៍ទៀតថា របរកសិកម្ម ជារបរប្រកបដោយភាពថ្លៃថ្នូរ មានកិត្ដិយស ព្រោះកសិករយកញើស ឈាមមកប្តូរ។របរកសិកម្ម អាចបម្រើ និងចិញ្ចឹមប្រជាជនកម្ពុជាមួយប្រទេស និងមនុស្សក្នុងពិភពលោក ដែលកម្ពុជាបាននាំចេញអង្ករទៅកាន់ប្រមាណជាង ៦០ប្រទេស។ ហេតុដូច្នេះ យើងពិតជាមានមោទនភាព ដែលបានចាប់យករបរកសិកម្មនេះ។ បន្ដទៅមុខ ប្រជាកសិករមានភារៈកិច្ចផលិតឲ្យមានគុណភាព សុវត្ថិភាព និងថ្លៃដេីមផលិតទាប ដែលនាំអោយមានភាពប្រកួតប្រជែងខ្ពស់ ហេីយអាចលក់ចេញបានក្នុងតម្លៃសមរម្យនិងចំណេញ។
ជាមួយគ្នានេះ លោកបណ្ឌិតក៏បានចង្អុលបង្ហាញពីសារៈសំខាន់នៃរបៀបក្នុងការធ្វើកសិកម្មបែបសហគ្រិនភាពដែលបងប្អូនប្រជាកសិករគួរផ្លាស់ប្តូរទម្លាប់តាមបែបថ្មី ដែលត្រូវសិក្សាពីថ្លៃដើមផលិតឱ្យច្បាស់លាស់ ទើបយើងអាចរកផលចំណេញឃើញ។ ជាពិសេសការពង្រឹងផលិតផលរបស់ខ្លួនឱ្យមានគុណភាព មានបច្ចេកទេសត្រឹមត្រូវ និងតម្លៃទាប ដើម្បីប្រកួតប្រជែងក្នុងទីផ្សារ។
ចុងក្រោយ លោកបណ្ឌិតប្រតិភូក៏បានអំពាវនាវឱ្យបងប្អូនកសិករ ចូលរួមជាសមាជិកសមាគមបណ្តាញកសិករតេជោ ឱ្យក្លាយជាបណ្ដាញដ៏ធំមួយ ជួយគ្នាទៅវិញទៅមកដើម្បីប្រជាកសិករទូទាំងប្រទេស។
សមាគមបណ្ដាញកសិករតេជោ បង្កើតឡើងដើម្បី ទី១ ជាស្ពានផ្ដល់ឱ្យប្រជាកសិករនូវព័ត៌មានផ្នែកហិរញ្ញវត្ថុ ទីផ្សារ និងការទទួលបានបច្ចេកទេស ទី២ ចម្លងសម្លេងប្រជាកសិករទៅស្ថាប័នដែលមានសមត្ថកិច្ច និងទី៣ជាខែល ឬឆ័ត្រសម្រាប់ប្រជាកសិករជ្រក ពោលគឺជួយការពារផលប្រយោជន៍ប្រជាកសិករ មិនឱ្យការរំលោភបំពាន គៃចំណេញឡើយ៕



