រដ្ឋបាលខេត្តកំពង់ចាម និងពុទ្ធបរិស័ទ ដង្ហែរមហាកឋិនទានសាមគ្គី ចូលវត្តបុទុមរតន:ដីដុះ

កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកស្រី ញូង ចរិយា នៅព្រឹកថ្ងៃទី ១៩ ខែតុលាឆ្នាំ២០២៥ នេះ បានដឹកនាំមន្ត្រីរាជការ រួមជាមួយពុទ្ធបរិស័ទជាច្រើនកុះករ ប្រារព្ធពិធីដង្ហែរបុណ្យកឋិនទានសាមគ្គី ចូលវត្តបទុមរតនរ:ដីដុះ ក្នុងក្រុងកំពង់ចាម ។

បើតាមលោកតាអាចារ្យ វត្តបទុមរតនារាមដីដុះ បានមានប្រសាសន៍ឲ្យដឹងថា កឋិនទាន គឺជាបុណ្យមួយមានតែក្នុងព្រះពុទ្ធសាសនាតែប៉ុណ្ណោះជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តនោះឡើយ គឺរយៈកាលទទួលកឋិនទានក្តី និងរយៈកាលធ្វើកឋិនទានក្តី អាចធ្វើបានក្នុងសម័យតែ១ខែគត់ (២៩ថ្ងៃ) ចាប់ពីថ្ងៃ១រោចខែអស្សុជ ដល់ថ្ងៃ១៥កើតខែកត្តិក។ បើខុសពីសម័យកាលនេះ ទោះបីអ្នកមានសទ្ធាធ្វើបុណ្យមានលក្ខណៈសណ្ឋានដូចកឋិន ក៏ដោយក៏មិនអាចហៅថាកឋិនបានឡើយ ព្រោះធ្វើខុសកាលទាន គឺមិនត្រូវតាមពុទ្ធានុញ្ញាតឡើយ។

លោកតាអាចារ្យមានប្រសាសន៍ឲ្យដឹងទៀតថា កម្មវិធីអង្គកឋិនទាននេះបានប្រព្រឹត្តទៅតាមលំអានប្រពៃណីព្រះពុទ្ធសាសនា និងបានធ្វើពិធីដង្ហែអង្គកឋិនទាន វេរនូវត្រៃចីវរ សង្ឃាដី ស្បង់ និងទេយ្យទានអមកឋិនផ្សេងៗ ព្រមទាំងបច្ច័យសង្កត់ត្រៃប្រគេនព្រះសង្ឃដើម្បីប្រើប្រាស់ជាប្រយោជន៍នៃព្រះពុទ្ធសាសនា។ បុណ្យកឋិនទានជាទានមួយដែលប្លែកពីទានដទៃៗឯទៀត គឺប្លែកដោយកាល មានត្រឹមតែ២៩ ថ្ងៃតែប៉ុណ្ណោះ ប្លែកដោយវត្ថុ គឺវត្ថុសម្រាប់កឋិនមាន៣ សង្ឃាដី ចីវរ ស្បង់ តែប៉ុណ្ណោះហើយកឋិនទាន ជាកាលទានមានផលវិសេសជាងទានទាំងពួង ព្រោះបានផលដល់ទាយក ទាយិកាម្ចាស់ទានផង បានអានិសង្ឍដល់ភិក្ខុជាបដិគ្គាហកៈ អ្នកទទួលក្រាលគ្រង និងអ្នកអនុមោទនាផង។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ការរៀបចំពិធីអង្គកឋិនទាននេះអាចប្រព្រឹត្តិទៅបានអាស្រ័យដោយកត្តាប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃយើង៕




អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម/រូបភាពដោយ: គីហ្សូណា
