នាយករដ្ឋមន្ដ្រីកម្ពុជា ជឿជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងទាក់ទាញអ្នកទេសចរណ៍ និងអ្នកវិនិយោគ មកកម្ពុជាកាន់តែច្រើន ជាងមុនពេលជំងឺកូវីដ

កណ្ដាល ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការជឿជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) នឹងចូលរួមជាកម្លាំងចលករក្នុងការទាក់ទាញ ទេសចរណ៍ និងអ្នកវិនិយោគគិន មកកាន់ប្រទេសកម្ពុជា កាន់តែច្រើនឡើងជាងពេលមុនជំងឺកូវីដ-១៩ ទៅទៀត។
នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទូទាំងប្រទេសមានមោទនភាព ក្រៃលែង ដែលកម្ពុជាបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នាពេលនេះ។
សម្ដេចធិបតី បន្ដថា អាកាសយានដ្ឋាននេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើទំនាក់ទំនងរវាងកម្ពុជា និងបណ្ដាប្រទេសដទៃទៀត នៅលើពិភពលោក ជាពិសេសយុទ្ធាសាស្រ្ដ បើកជំហរជើងមេឃរបស់កម្ពុជា។ លើសពីនេះ ផ្លូវអាកាស គឺជាមធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូនដ៏ចាំបាច់ ដើម្បីបំរើដល់វិស័យទេសចរណ៍ វិនិយោគ និងគោលដៅផ្សេងៗ។
សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ខ្ញុំ ជឿជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងចូលរួមជាកម្លាំងចលករ នៅក្នុងការទាក់ទាញអ្នកទេសចរណ៍ និងអ្នកវិនិយោគគិន មកកាន់កម្ពុជា កាន់តែច្រើនជាងពេលមុនជំងឺកូវីដ-១៩ ទៅទៀត ព្រោះមានសមត្ថភាពទទួលអ្នកដំណើរ ត្រូវបានពង្រីក ហើយយើងអាចទទួលជើងយន្ដហោះទាំងក្នុងតំបន់ និងជើងយន្ដហោះពីដំណាក់ឆ្ញាយ ឆ្លងទ្វប់មកកាន់កម្ពុជាផងដែរ»។
សូមរំលឹកថា ការវិនិយោគសាងសង់ TIA (ដំណាក់កាលទី ១) មានចំនួន ២៣០០លានដុល្លារអាមេរិក ដោយរួមបញ្ចូលចំណាយសាងសង់ស្ថានីយ៍ អ្នកដំណើរ ស្ថានីយ៍ អ្នកដំណើរពិសេស (VVIP Terminal) ទីលាន ចុះចតយន្តហោះ អគារ និងហេដ្ឋារចនាសម្ព័ន្ធ ទ្រទ្រង់ប្រតិបត្តិការអាកាសយានដ្ឋាន រួមមានផ្លូវ ស្ពានអាកាស ឃ្លាំងទំនិញ រួមទាំងការចំណាយ ហិរញ្ញប្បទាន និងចំណាយសម្រាប់ការផ្ទេរ ប្រតិបត្តិការ ពី អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មក TIA។ ដោយទុនវិនិយោគទុនផ្ទាល់ របស់ក្រុមហ៊ុន OCIC និងការចូលរួមទុន តាមរយៈ មូលបត្របំណុល ពីស្ថាប័នធនាគារ និងហិរញ្ញវត្ថុក្នុងស្រុក៕
