ព័ត៌មានជាតិ

លោក វរសេនីយ៍ឯក ដា ចំរើន អធិការ​ នគរបាលក្រុងសៀមរាប បានដឹកនាំកម្លាំងឃាត់ខ្លួន ជនសង្ស័យចំនួន០៥នាក់

ខេត្តសៀមរាប៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០៤ និង ៣២នាទី នៅចំណុចមុខហាងយីហោ Brother ក្នុងភូមិបូព៌ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប មានករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស(កាប់នឹងកាំបិត) បង្កឡើងដោយជនសង្ស័យជាមនុស្សប្រុសមានគ្នាច្រើននាក់ បានធ្វើសកម្មភាពជិះម៉ូតូដោយក្នុងដៃប្រដាប់ដោយកាំបិត ហើយចុះដេញកាប់ជនរងគ្រោះឈ្មោះសិ ធី ភេទប្រុស អាយុ១៩ឆ្នាំរស់នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប បណ្តាលឲ្យជនរងគ្រោះរងរបួសដាច់រយះកែងដៃខាងឆ្វេង ដេរជាង២០ថ្នេរ ហើយជនរងគ្រោះដួលទៅនឹងដី និងវាយទៅលើខ្នងជនរងគ្រោះបន្ថែមទៀត ក្រោយពីធ្វើសកម្មភាព ហើយជនសង្ស័យបានគេចខ្លួន ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចយើងបានចុះទៅកន្លែងកើតហេតុ និងបានឆែកកាមេរ៉ាសុវត្ថិភាព ក៏កំណត់បានភិនភាគជនសង្ស័យខាងលើ លុះនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៤ និង ០០នាទី សមត្ថកិច្ចយើងបានឃាត់ជនសង្ស័យខាងលើ រួមទាំងវត្ថុតាងកាំបិតចំនួន០២ដើម និងម៉ូតូ០១គ្រឿង យកមកសួរនាំ ក្រោយពីសួរនាំជនសង្ស័យទាំង០៤នាក់បានឆ្លើយដូចគ្នាថាពួកខ្លួន បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពិតមែន។

សមត្ថកិច្ចយើងបានសួរនាំបន្ថែម ជនសង្ស័យឈ្មោះសុខ រក្សា ហៅញ៉ា និងជនសង្ស័យឈ្មោះឈឿង វិឆៃ ហៅគួយ បានឆ្លើយសារភាពថាពួកខ្លួន និងបក្ខពួកឈ្មោះសេ សេន ហៅស៊ីស ធ្លាប់បានធ្វើ់សកម្មភាពឆក់កាបូប និងទូរស័ព្ទសរុបចំនួន០៩ករណី បន្ទាប់មកនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១០ និង ០០នាទី សមត្ថកិច្ចយើងបានបន្តយកជនសង្ស័យឈ្មោះសេ សេន ហៅស៊ីស និងបានយកមកសួរនាំ ក្រោយពេលសួរនាំជនសង្ស័យទាំងបីបានឆ្លើយសារភាពថាពួកខ្លួនពិតជាធ្លាប់បានធ្វើសកម្មភាពឆក់កាបូប និងទូរស័ព្ទ សរុបចំនួន០៩លើក ដោយធ្វើសកម្មភាពឆក់កាបូបលើកចុងក្រោយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង២៣ និង ១៥នាទី នៅចំណុចតាមបណ្តោយផ្លូវ ក្នុងភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប ឆក់កាបូប របស់ជនរងគ្រោះឈ្មោះយ៉ាត ណាក់ ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិប្រឡាយ សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប តែមិនបានសម្រេច បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូ ។
ជនសង្ស័យចំនួន ០៥នាក់ រួចមានឈ្មោះ៖
០១-ឈ្មោះសុខ រក្សា ហៅញ៉ា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតនិង បច្ចុប្បន្ននៅភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប
០២-ឈ្មោះហឿយ លីហុក ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើតនិង បច្ចុប្បន្ននៅភូមិគោកក្រសាំង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តខេត្តសៀមរាប
០៣-ឈ្មោះ ឈឿង វិឆៃ ហៅគួយ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនិង បច្ចុប្បន្ននៅភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប
០៤-ឈ្មោះវ៉ាន ដេវិត ហៅវីត ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើតនិង បច្ចុប្បន្ននៅភូមិគោកក្រសាំង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តខេត្តសៀមរាប
០៥-ឈ្មោះសេ សេន ហៅស៊ីស ភេទប្រុស អាយុ១៤ឆ្នាំមុខរបរកម្មករ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប

សូមបញ្ជាក់ថា សមត្ថកិច្ចដកហូតវត្ថុតាងបាន កាំបិត០២ដើម ទូរស័ព្ទដៃរបស់ជនរងគ្រោះចំនួន០២គ្រឿង និងម៉ូតូចំនួន០១គ្រឿង សមត្ថកិច្ចបានធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័យទាំងប្រាំនាក់ ជាលទ្ធផល អវិជ្ជមាន ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកម្លាំងការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី។

ដោយអ៊ុយសុធុន/សៀមរាប/ដើមអម្ពិល/ រូប:អធិការក្រុងសៀមរាប

To Top