ព័ត៌មានជាតិ

លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ៖ គោលដៅរួមរបស់ក្រុមហ៊ុន CAIC និងSCA ធ្វើយ៉ាងណាបង្កើន ចំនួនអ្នកដំណើរ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ

ភ្នំពេញ៖ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក(CAIC) ដែលជាក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ បានអះអាងថា គោលដៅរួមរបស់ក្រុមហ៊ុន CAIC និងប្រតិបត្តិករអាកាសយានដ្ឋាន Société Concessionnaire de l’Aéroport (SCA) ដែលជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ VINCI Airports គឺធ្វើយ៉ាងណាបង្កើនចំនួន អ្នកដំណើរ នៅ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ពី ៥.៣លាននាក់ ក្នុងឆ្នាំ២០២៥ ដល់ ១០លាននាក់នៅឆ្នាំ២០៣០ ។

ការលើកឡើងរបស់លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ខាងលើនេះ ធ្វើឡើងក្នុងពិធីសម្ពោធជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ស្ថិតនៅខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ។

ថ្លែងក្នុងឱកាសនេះ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់ រួមមានបី ដំណាក់កាល ដោយដំណាក់កាលទី១ មានសមត្ថភាពអាចទទួលអ្នកដំណើរបាន ១៣លាននាក់ក្នុងមួយឆ្នាំ។ ដំណាក់កាលទី២ អាច ទទួលអ្នកដំណើរបាន ៣០លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាលទី៣ អាចទទួលអ្នកដំណើរបាន ៥០លាននាក់ក្នុងមួយឆ្នាំ។

ក្នុងនោះ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានគូសបញ្ជាក់ថា គោលដៅរួមរបស់ក្រុមហ៊ុន CAIC និងប្រតិបត្តិករអាកាសយានដ្ឋាន Société Concessionnaire de l’Aéroport (SCA) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ VINCI Airports គឺធ្វើយ៉ាងណាបង្កើនចំនួន អ្នកដំណើរ នៅ TIA ពី ៥.៣លាននាក់ ក្នុងឆ្នាំ២០២៥ ដល់១០លាននាក់នៅឆ្នាំ២០៣០ ។ គោលដៅមួយនេះ អាចសម្រេចទៅបាន ដោយការបង្កើនសមត្ថភាព ក្រុមហ៊ុនអាកាសចរណ៍ និងទាក់ទាញ ក្រុមហ៊ុន អាកាសចរណ៍ថ្មីៗបន្ថែមទៀត ក្រោមការគាំទ្រពី រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍ និងរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល (SSCA)។

បន្ថែមលើនេះ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានឱ្យដឹងថា ក្រុមហ៊ុនកំពុងសាងសង់ស្ថានីយ៍ឃ្លាំងទំនិញ (Cargo Terminal) ទី២ និងចំណតយន្តហោះ Cargo បន្ថែម ដោយចំណាយទុនវិនិយោគចំនួន ៥០លានដុល្លារអាមេរិក ដែលមានទំហំឃ្លាំង សរុប ៤០,០០០ ម៉ែត្រការ៉េ។ ការវិនិយោគបន្ថែមនេះ គឺ យោងទៅតាមកំណើនទំនិញ Cargo និងដើម្បីត្រៀមឲ្យ TIA ជា មជ្ឈមណ្ឌល ដឹកជញ្ជូន (Logistic Hub) និងការផ្ទេរមធ្យោបាយដឹកជញ្ជូន (Transhipment)។
 
ក្រុមហ៊ុន CAIC ក៏បានសហការជាមួយក្រុមហ៊ុន SIA Engineering Company (ពី Singapore Airlines) បង្កើតក្រុមហ៊ុនឈ្មោះ TIA Engineering Services Company Limited ដើម្បីផ្តល់ សេវាថែទាំដល់ក្រុមហ៊ុន អាកាសចរណ៍នៅ TIA។ ផែនការនាពេលអនាគតគឺ យើងនឹងសាងសង់ ស្ថានីយ៍ សម្រាប់សេវាថែទាំ និងជួសជុលយន្តហោះនៅ TIA ដោយសារតែរាជធានីភ្នំពេញ ជាទីតាំង កណ្តាល ដែលមានសក្តានុពលផ្តល់សេវាកម្មនេះ នៅក្នុងតំបន់អាស៊ាននិងអាស៊ី។ និងមានផែនការសាងសង់ផ្លូវទឹកដឹកជញ្ជូនថ្មីប្រវែង ១០ឡូម៉ែត្រ ដែលគ្រោង ចំណាយទុនវិនិយោគ សរុបចំនួន ១០០លានដុល្លារអាមេរិក សម្រាប់ធ្វើការតភ្ជាប់ពីបឹងជើងលោងក្បែរ ដែលនៅប៉ែកខាងត្បូងនៃ TIA ទៅភ្ជាប់នឹងទន្លេបាសាក់ និងព្រែកជីក ហ្វូណន តេជោ រហូតដល់ក្រុងកែប ដែលជាច្រកសមុទ្ររបស់ប្រទេសកម្ពុជាយើង ដើម្បីឲ្យតំបន់ TIA ក្លាយទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។ នេះជាការបញ្ជាក់បន្ថែមរបស់ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក(CAIC) បានអះអាងថា ក្រុមហ៊ុន OCIC ក៏បានចាប់ផ្តើមអភិវឌ្ឍ ទីក្រុងរណបអាកាសយានដ្ឋាន រួមមានការ សាងសង់ លំនៅដ្ឋានតម្លៃសមរម្យ សម្រាប់បុគ្គលិក រាប់ពាន់នាក់នៅ TIA និងមជ្ឈមណ្ឌល ពាណិជ្ជកម្ម នៅក្នុង ទីក្រុង រណបអាកាសយានដ្ឋាននេះ។ ទីក្រុងរណបអាកាសយានដ្ឋាន មានផែនការរួម (Master Plan) សម្រាប់ អភិវឌ្ឍ លំនៅដ្ឋាន តំបន់ ពាណិជ្ជកម្ម មជ្ឈមណ្ឌលពិពណ៌អន្តរជាតិ រោងចក្រ និងឃ្លាំង រួមមានតំបន់ សេដ្ឋកិច្ច ពិសេស (SEZ) ក្នុងការ លើកកម្ពស់ការផលិត និង ការនាំចេញទំនិញតាមរយៈ TIA។ក្រុមហ៊ុន OCIC ក៏បានសាងសង់ឧទ្យានវប្បធម៌នៅ TIA ដើម្បីផ្សព្វផ្សាយដល់ ភ្ញៀវក្នុងស្រុក និង អន្តរជាតិ ឲ្យយល់ដឹងពីវប្បធម៌ខ្មែរផងដែរ៕
ដោយ៖​ ដារាត់| ដើមអម្ពិល

To Top