សម្តេចធិបតី ៖ កុំសួរនាំ រឿងបាត់ដីកន្លែងណាខ្លះ និងមេទ័ពណាស្លាប់

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយគ្រប់និន្នាការ បញ្ឈប់ការសួរដេញដោល រឿងបាត់បង់ដី នៅចំណុចណាខ្លះ អ្នកណាខ្លះស្លាប់ និងមេទ័ពណាខ្លះស្លាប់ ប៉ុន្តែត្រូវជឿជាក់លើវីរកងទ័ពកម្ពុជា ដែលឈរជើងការពារព្រំដែន។
ក្នុងឱកាសអញ្ជើញ ជាអធិបតីក្នុងសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ សម្តេចធិបតីមានប្រសាសន៍ថា បញ្ហាព្រំដែនដែលបានអូសបន្លាយ ប្រមាណជា៣ខែមកនេះ ថ្នាក់ដឹកនាំកម្ពុជា បានខិតខំព្យាយាម ការពារបូរណភាពទឹកដី យ៉ាងស្វិតស្វាញជាខ្លាំង ។ ក្នុងនោះ ក្រោយបទឈប់បាញ់បានចូលជាធរមាន ការបញ្ជាកងទ័ពឲ្យដកថយចេញពីព្រំដែន គឺពុំមាននោះឡើយ ។
សម្តេចធិបតីបន្តថា ពាក់ព័ន្ធបញ្ហាព្រំដែននេះ ក៏មានអ្នកនយោបាយនិងពលរដ្ឋ បាននាំគ្នាមកជជែកវែកញែកសួរដេញដោល អំពីការបាត់បង់ដី និងមានអ្នកណាខ្លះស្លាប់ ។
ចំណុចនេះ សម្តេចធិបតី គូសបញ្ជាក់ថា “ខ្ញុំសូមឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងមួយចំនួន ដែលសួរក្រោយបទឈប់បាញ់ហ្នឹង បាត់ណាខ្លះ ការពារណាខ្លះ មេទ័ពណាស្លាប់ មេទ័ពណារស់ ។ ជម្លោះមិនទាន់ចប់ទេ បញ្ហាវានៅ ការលាក់ការណ៍យោធា យ៉ាងណា ប៉ុន្តែខ្ញុំសូមកុំសួរ រឿងកន្លែងណាបាត់ កន្លែងណាបាន ។ ខ្ញុំសូមឲ្យបងប្អូនជឿទុកចិត្តតែមួយគត់ថា ក្នុងរយៈពេលប្រយុទ្ធគ្នា កងទ័ពរបស់យើង ទាំងអ្នកបញ្ជាការសមរភូមិ រហូតដល់យុទ្ធជនម្នាក់ៗ បានខិតខំលះបង់អាយុជីវិត សាច់ស្រស់ ឈាមស្រស់ ដើម្បីការពារទឹកដីរបស់យើងហើយ សូមជឿប៉ុន្នឹងទៅ”។
សម្តេចធិបតីនាយករដ្ឋមន្រ្តីបន្ថែមថា ព្រោះមកដល់ពេលនេះ មិនមែនជាពេលវេលាមកនិយាយហែកហួរគ្នាថា គេមករំលោភបំពានទឹកដីទេ គួរតែអ្នកនយោបាយ គ្រប់និន្នាការរួមគ្នាជាធ្លុងមួយ ដើម្បីទទួលស្គាល់ការលះបង់សាច់ស្រស់ ឈាមស្រស់របស់កងទ័ពកម្ពុជា នៅសមរភូមិជួរមុខ ។
សម្តេចធិបតី នាយករដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា សង្គ្រាមគ្មានអ្នកឈ្នះ និងអ្នកចាញ់ទេ មានតែស្លាប់ទាំងអស់គ្នា ទាំងខ្មែរនិងថៃ ។ ក្នុងនោះក៏បានធ្វើឲ្យប្រជាពលរដ្ឋ ភ័យតក់ស្លុក រត់ចោលផ្ទះសម្បែងមកភៀសខ្លួន នៅតាមតំបន់សុវត្ថិភាពនានា ។ ដូច្នេះមានតែរួមគ្នា ដោះស្រាយបញ្ចប់ជម្លោះព្រំដែន ដើម្បីឲ្យវិលត្រឡប់មករកប្រក្រតីភាពឡើងវិញ នៅតាមបន្ទាត់ព្រំដែន ៕
