ព័ត៌មានជាតិ

សហជីព នៅកម្ពុជា ជំរុញឱ្យអតីតបុគ្គលិក ក្រុមហ៊ុនណាហ្គាវើលដ៍ បន្តនីតិវិធីទៅកាន់តុលាការ

ភ្នំពេញ៖ សហជីពធំៗនៅកម្ពុជាបានជំរុញឱ្យក្រុមអតីតបុគ្គលិកណាហ្គាវើលដ៍ បន្តនីតិវិធីទៅកាន់តុលាការ ព្រោះបញ្ហានៅក្រុមហ៊ុនណាហ្គាវើលដ៍នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាក្រុមប្រឹក្សាអាជ្ញាកណ្តាល បានដោះស្រាយរួចចប់សព្វគ្រប់អស់ហើយ។

ការជំរុញរបស់សហជីពនៅកម្ពុជា ធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីក្រុមអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ បាននាំគ្នាទៅដាក់ញត្តិស្នើសុំពន្លឿន ដំណោះស្រាយវិវាទការងារនៅវេលាព្រឹកថ្ងៃដដែលនោះ។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា មើលឃើញថា ដំណោះស្រាយប្រកប ដោយការយកចិត្តទុកដាក់របស់ក្រសួងការងារ ចំពោះបញ្ហានៅក្រុមហ៊ុនណាហ្គាវលើដ៍ គឺបានបញ្ចប់សព្វគ្រប់ហើយ ប៉ុន្តែក្រុមអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ខ្លួនឯងទេ ដែលទាត់ចោលមិនទទួលយកដំណោះស្រាយរបស់ក្រសួងការងារ និងក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលធ្វើត្រឹមត្រូវស្របតាមច្បាប់ និងលក្ខខណ្ឌតម្រូវ។

លោកថ្លែងថា ៖ «សកម្មភាពរបស់អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ម្តងហើយ ម្តងទៀតធ្វើការដាក់ញត្តិសុំអន្តរាគមន៍ពី ក្រសួងការងារគឺ ហាក់ដូចជាថយក្រោយ នៃដំណើរការនីតិវិធីទៅវិញទេ ។ បើកើតទុក្ខមិនសុខចិត្ត ពួកគាត់អាចដាក់ប្តឹងទៅតុលាការ ព្រោះនីតិវិធីតុលាការ ប្រសើជាងការយកញត្តិមកដាក់ដដែលៗ គ្មានចំណេញអ្វីបន្តិចសោះឡើយ សម្រាប់ប្រទេសជាតិ»។

លោក សំ សឿន បន្ថែមថា ការដាក់ញត្តិដដែលៗ របស់ក្រុមអតីតបុគ្គលិកណាហ្គាវើលដ៍ គឺជាចេតនាទុច្ចរិតបង្កើតឱ្យមានការយល់ច្រឡំ និងមានការវាយតម្លៃខុសមកលើរាជរដ្ឋាភិបាល ហេតុនេះ អ្នកទាំងអស់នោះ គួរតែបញ្ឈប់រាល់សកម្មភាពដាក់ញត្តិ ឬក៏ការធ្វើបាតុកម្មជាដើម ហើយបែរទៅរកដំណោះស្រាយតាមនីតិវិធីតុលាការប្រសើជាង។

ទន្ទឹមនេះ លោក អ៊ុន ដារ៉ា ប្រធានសហភាព សហជីពកម្ពុជាពន្លឺកម្មករ មើលឃើញថា អ្វីដែលក្រុមអតីតបុគ្កលិកណាហ្គាវើលដ៍ បានធ្វើគឺមិនអនុលោមទៅតាមផ្លូវច្បាប់ ស្តីពីការងារ ក៏ដូចជាការអនុវត្តឱ្យបានត្រឹមត្រូវ តាមសិទ្ធិ និងកតព្វកិច្ចរបស់ខ្លួន។ លោកថា ការដោះស្រាយបញ្ហា ដែលបានឆ្លងកាត់នីតិវិធីតុលាការ ជាក់ស្តែង ឱ្យតែបងប្អូនបានអនុវត្តត្រឹមត្រូវនោះតុលាការ នឹងបង្គាប់ឱ្យបងប្អូនឈ្នះមិនខាន។

លោកថ្លែងថា៖«ខ្ញុំសូមឱ្យបងប្អូនយើងអនុវត្តឱ្យបានត្រឹមត្រូវ តាមច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ការងារ ច្បាប់សហជីព ក៏ដូចជាច្បាប់ផ្សេងៗដែលពាក់ព័ន្ធ និងជាសារាចរផ្សេងៗដែលពាក់ព័ន្ធ ហើយជឿជាក់លើស្ថានប័នរបស់រដ្ឋ ជឿជាក់លើការដោះស្រាយពីក្រសួងរហូតដល់ទៅតុលាការ ឱ្យតែអ្វីដែលបងប្អូនធ្វើពិតជាត្រឹមត្រូវតាមច្បាប់ ច្បាស់ណាស់គេនឹងអនុវត្តកិច្ចការតាមច្បាប់»។

ស្រដៀងគ្នានេះ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីព រក្សាសិទ្ធិកម្មករកម្ពុជា មើលឃើញថា ការដាក់ញត្តិ របស់ក្រុមអតីតបុគ្គលិក ក្រុមហ៊ុនណាហ្គាវើលដ៍ គឺជាការធ្វើការងាររុញធាក់ថយក្រោយទៅវិញ មានន័យថា បញ្ហាបានដោះស្រាយនៅក្រសួងការងារ និងក្រុមប្រឹក្សាអាជ្ញាកណ្តាលហើយ ស្រាប់តែបងប្អូនមកដាក់ញត្តិនៅក្រសួងការងារឡើងវិញបានន័យថា បងប្អូនមិនយល់ពីផ្លូវច្បាប់ អនុវត្តផ្ទុយពីច្បាប់ មិនហានប្រឈមមុខនឹងការពិតដែលត្រូវដោះស្រាយ គឺនីតិវិធីតុលាការ ។

លោកថ្លែងថា៖«បើបងប្អូននៅតែបន្តការងារ ម្តងទៅមុខ ម្តងទៅក្រោយ ខ្ញុំគិតថា វាអត់មានអីចំណេញទៅដល់ជាតិ ក៏ដូចជាសង្គមទេ វាទៅជារូបភាពមួយបង្កទៅជាបាតុភាពមិនល្អមើល ប៉ះពាល់ដល់សង្គម ឬបាតុភាពណាមួយដែលអន្តរជាតិគេមើលមកថា មិនល្អសម្រាប់កម្ពុជារបស់យើង តែធាតុពិត ការដោះស្រាយរបស់ក្រសួងការងារ ក៏ដូចជាក្រុមប្រឹក្សាអាជ្ញាកណ្តាលបានសម្រេចត្រឹមត្រូវអស់ហើយ»។

បើតាមលោក ហង្ស រ៉ាវី អ្វីដែលបងប្អូនអតីតបុគ្គលិក ក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវធ្វើបន្តនៅពេលនេះ គឺមានតែប្តឹងទៅតុលាការដើម្បីធ្វើការដោះស្រាយ ប៉ុន្តែបើសិនជាបងប្អូននៅតែបន្តយកបញ្ហានេះ ធ្វើជាឈ្នាន់នយោបាយនោះ ជាការជាន់ពន្លិចកិត្តិយសមុខមាត់ និងអត្ថប្រយោជន៍ជាតិតែប៉ុណ្ណោះ៕

To Top