ព័ត៌មានជាតិ

រាជរដ្ឋាភិបាល និងពលរដ្ឋ នៅជួរក្រោយតែងតែដឹងគុណ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ ចំពោះការតស៊ូ ដើម្បីការពារទឹកដីពីខ្មាំងសត្រូវ

ឧត្តរមានជ័យ ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅជួរក្រោយតែងតែដឹងគុណ គាំទ្រ និងលើកទឹកចិត្តដល់បងប្អូនវីរកងទ័ពជួរមុខចំពោះការតស៊ូ ពលី លះបង់ដើម្បីការពារទឹកដីពីខ្មាំងសត្រូវ។

ការលើកឡើងរបស់ លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី នាឱកាសអញ្ជើញដឹកនាំប្រតិភូ ​ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះសួរសុខទុក្ខ ក៏ដូចជានាំយកនូវគ្រឿង ឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ជូនវីរកងទ័ពដែលប្រចាំការ នៅកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ ស្ថិតនៅភូមិគូ ឃុំបន្ទាយអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើរបស់សម្តេចតេជោ និងសម្តេចធិបតីនាយករដ្ឋមន្រ្តី នូវការសួរសុខទុក្ខ សេចក្តីនឹករលឹក ការគិតគូរ និងការយកចិត្តទុកដាក់បំផុត ចំពោះបងប្អូនវីរកងទ័ព ដែលឈរជើងនៅជួរមុខប្រចាំការតាមព្រំដែនកម្ពុជា-ថៃ ក្នុងបុព្វហេតុការពារជាតិទឹកដី ពីការឈ្លានពាន។

លោកទេសរដ្ឋមន្រ្តី បញ្ជាក់បន្ថែមថា «រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្រ្តីរាជការ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ តែងតែយកចិត្តទុកដាក់ និងគាំទ្រលើកទឹកចិត្តដល់បងប្អូនវីរកងទ័ព តាមមធ្យោបាយផ្សេងៗដែលអាចធ្វើបាន ដោយមិនទុកឱ្យបងប្អូនកងទ័ពមានអារម្មណ៍ឯកោនោះឡើយ»។

លោកទេសរដ្ឋមន្រ្តី ក៏បានបង្ហាញនូវមនោសញ្ចេតនាដឹងគុណ និងសូមកោតសរសើរនូវវីរភាព និងស្មារតីដ៏អង់អាចរបស់កងទ័ពជួរមុខដែលបានតស៊ូ ពលី លះបង់ ដើម្បីការពារទឹកដីកម្ពុជាពីពួកខ្មាំងសត្រូវ។

ជាក់ស្ដែង គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចូលរួមជាមួយរាជរដ្ឋាភិបាល ហើយតែងតែនៅជាប់ ជានិច្ចជាមួយកងទ័ពជួរមុខ ចាប់តាំងពីការចាប់ផ្ដើម នៃជម្លោះ តាមបណ្ដោយព្រំដែន ដោយបងប្អូនកងទ័ព តស៊ូប្រយុទ្ធដោយប្រើសព្វាវុធ ហើយក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តស៊ូតាមផ្លូវច្បាប់ប្តឹងដល់ យន្តការអន្តរជាតិនិងតំបន់ អំពីការរំលោភបំពានរបស់ថៃទៅលើច្បាប់អន្តរជាតិ អនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ និងជំរុញឱ្យភាគីថៃគោរពអនុវត្តកិច្ចព្រមព្រៀង បទឈប់បាញ់ដែលបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងជំរុញឱ្យមានការដោះលែងវីរកងទ័ពទាំង ១៨នាក់ ផងដែរ៕

To Top