ព័ត៌មានជាតិ

លោកស្រី​ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោក កម្ពុជា–ថៃ (JBC) នៅប្រទេសថៃ

ប៉ៃលិន ៖ លោកស្រីបាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក កម្ពុជា–ថៃ (JBC) ដែលកំពុងចាប់ផ្ដើមនៅខេត្តចន្ទបុរី ប្រទេសថៃ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ។

កិច្ចប្រជុំគណៈកម្មការចម្រុះលើកនេះ ភាគីកម្ពុជា ដឹកនាំដោយលោក ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន កិច្ចការព្រំដែន និងជាប្រធាន គណៈកម្មការចម្រុះ ព្រំដែនកម្ពុជា–ថៃ ដោយមានសមាសភាពអន្តរក្រសួង និងតំណាងពីបណ្តាខេត្តជាប់ព្រំដែនកម្ពុជា–ថៃចូលរួមផងដែរ។
ចំណែកភាគីថៃ ដឹកនាំដោយលោក Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ–កម្ពុជា ដោយមានតំណាងប្រតិភូអមដទៃទៀតចូលរួម ។

របៀបវារៈនៃកិច្ចប្រជុំនេះ រួមមាន៖ ១. ពិនិត្យ និងតាមដានវឌ្ឍនភាពនៃកិច្ចប្រជុំ JBC លើកទី៦ ដែលបានប្រព្រឹត្ត នៅរាជធានីភ្នំពេញ ថ្ងៃទី១៤–១៥ ខែមិថុនា ឆ្នាំ២០២៥ ។ ២. ពិភាក្សាលើរបៀបវារៈអាទិភាព ដែលបានប្រគល់ជូនដោយ GBC ក្នុងកិច្ចប្រជុំពិសេសលើកទី១ នៅខេត្តកោះកុង ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ជាពិសេសស្ដីពីករណីនៅភូមិជោគជ័យ ។ ៣. របៀបវារៈផ្សេងៗទៀត ។ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីក្រុមប្រតិភូទាំងពីរ ទៅដល់ទីតាំងកិច្ចប្រជុំ នៅខេត្តចន្ទបុរី ប្រទេសថៃ ភាគីកម្ពុជា និងថៃ បានចាប់ផ្តើមកិច្ចប្រជុំចង្អៀតកម្រិតរដ្ឋមន្ត្រី នៃគណៈកម្មាធិការកិច្ចការព្រំដែន មុននឹងចូលរួមកិច្ចប្រជុំពិសេស គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។

អត្ថបទដោយ ៖ សុខ​ វិច្ឆ័យ​ / ប៉ៃលិន​ / ដើមអម្ពិល
រូបភាព៖​ រដ្ឋបាលខេត្តប៉ៃលិន

To Top