អគ្គស្នងការដ្ឋាននគរបាលជាតិ ណែនាំភ្នាក់ងារសន្ដិសុខឯកជន ផ្ដល់ព័ត៌មាន មកសមត្ថកិច្ច ទីតាំងដែលសង្ស័យ មានបទល្មើស និងមិនត្រូវគប់គិត ជាមួយឧក្រិដ្ឋជន

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋាន គ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានណែនាំដល់ភ្នាក់ងារ សន្ដិសុខឯកជនទាំងអស់ ត្រូវចូលរួមផ្ដល់ព័ត៌មាន មកកាន់សមត្ថកិច្ច ចំពោះទីតាំងណា ដែលសង្ស័យមានបទល្មើសកើតឡើង។

ក្នុងឱកាសអញ្ជើញ ជាអធិបតីពិធីបិទវគ្គបំប៉ន ជំនាញភ្នាក់ងារសន្តិសុខឯកជន លើកទី៧៩ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានគូសបញ្ជាក់ថា ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ មិនត្រូវគប់គិតជាមួយក្រុមឧក្រិដ្ឋជន លាក់បាំងបទល្មើស និងរារាំងសមត្ថកិច្ចបង្ក្រាប បទល្មើសនោះឡើយ។

ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានបន្ដទៀតថា ភ្នាក់ងារសន្ដិសុខឯកជន ត្រូវបង្កើនការពង្រឹងរក្សាសន្តិសុខ សុវត្ថិភាព ខ្ពស់ នៅតាមបុរី ហើយត្រូវសហការ និងរាយការណ៍ឲ្យបានស្អិតរមួតជាមួយ សមត្ថកិច្ចមូលដ្ឋាន ឬសមត្ថកិច្ចជំនាញ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស។
ប្រធាននាយកដ្ឋាន បានលើកឡើងថា វិស័យសន្តិសុខឯកជន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែក ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ស្ថេរភាពនយោបាយ ជូនសង្គមជាតិទាំងមូល និងជាកម្លាំងជំនួយដល់សមត្ថកិច្ច ក្នុងការចូលរួមសហការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស នៅតាមទីតាំងឯកជន និងតាមសាធារណៈ។ មួយវិញទៀត គឺការចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព» សំដៅថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក៏ដូចជាការពារផលប្រយោជន៍ជាតិ និងការអភិវឌ្ឍប្រទេសជាតិ។

បន្ថែមពីនេះ ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានអះអាងថា អគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែយកចិត្តទុកដាក់ខ្ពស់ លើវិស័យសន្តិសុខឯកជន ដើម្បីគាំពារ និងគាំទ្រនូវវិស័យនេះ ឲ្យមាននិរន្តភាព ស្ថេរភាព និងការអភិវឌ្ឍ ។ ដូច្នេះវិស័យសន្តិសុខឯកជន ត្រូវទាមទារនូវគុណភាពខ្ពស់ ដើម្បីឆ្លើយតបតាមតម្រូវការ នៃអភិវឌ្ឍន៍ និងការរីកចម្រើនជាលំដាប់ ទើបធ្វើឲ្យមានការរៀបចំបើកវគ្គបំប៉ន ជំនាញភ្នាក់ងារសន្តិសុខឯកជននេះឡើង៕
