ក្រសួងសាធារណការ ៖ ព្រែកជីហ្វូណនតេជោ នឹងចាប់ផ្តើមជីក អាចចុងខែវិច្ឆិកា នឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៨

ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ព្រែកជីហ្វូណនតេជោ នឹងចាប់ផ្តើមជីក នៅពេលទឹកស្រកខាងមុខ អាចចុងខែវិច្ឆិកា ឬដើមខែធ្នូ ឆ្នាំ២០២៥ ហើយគម្រោងនេះ នឹងបញ្ចប់នៅអំឡុង ឆ្នាំ២០២៨ ខាងមុខ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោក ផន រឹម បានលើកឡើងថា គម្រោងព្រែកជីក ហ្វូណនតេជោ មិនមានការប្រែប្រួលទេ និងកំពុងដំណើរការតាមកាលបរិច្ឆេទ នៃដំណាក់កាលនីមួយៗ។

អ្នកនាំពាក្យ គូសបញ្ជាក់ថា «តើព្រែកជីកចាប់ផ្តើមជីកនៅពេលណា? ព្រែកជីហ្វូណនតេជោ នឹងចាប់ផ្តើមជីក នៅពេលទឹកស្រកខាងមុខ អាចចុងខែវិច្ឆិកា ឬដើមខែធ្នូ ឆ្នាំ២០២៥ខាងមុខ។ បច្ចុប្បន្នគម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតក្នុងដំណាក់កាលវាល់វែង និងដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋ»។
អ្នកនាំពាក្យ បន្ដថា ការដោះស្រាយផលប៉ះពាល់ ត្រូវធ្វើឡើង តាមយន្តការដោះស្រាយ ផលប៉ះពាល់របស់រាជរដ្ឋាភិបាល ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងដោយមានការចូលរួម ពីមន្ត្រីបច្ចេកទេសក្រសួង សាធារណការ និងដឹកជញ្ជូន, អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ»។ ពេលនេះក្រុមការងារដោះស្រាយផលប៉ះពាល់ កំពុងធ្វើសកម្មភាព នៅកំណាត់ទី២(ក្នុងខេត្តកណ្តាល) ដោយបានអង្កេត វាស់វែង និងចងក្រងទិន្នន័យផលប៉ះពាល់លម្អិតលើសំណង់ លំនៅដ្ឋាន និងដីស្រែ នៅស្រុកកោះធំ ។ ក្រុមការងារបានសម្ភាសន៍ និងផ្ដិតមេដៃប្រជាពលរដ្ឋរង ផលប៉ះពាល់ព្រមទាំង បានរៀបចំវេទិកាពិភាក្សា និងការសម្របសម្រួល ជាមួយប្រជាពលរដ្ឋ ជាបន្តបន្ទាប់។

អ្នកនាំពាក្យ បន្ថែមថា «គម្រោងនេះអាចបញ្ចប់ តាមការគ្រោងទុកទេ? មិនមានការប្រែប្រួលទេ។ គម្រោងនេះនឹងបញ្ចប់ នៅអំឡុងឆ្នាំ២០២៨ខាងមុខ ។ គម្រោងព្រែកជីហ្វូណនតេជោ គឺជាគម្រោង ប្រវតិ្តសាស្រ្តរបស់កម្ពុជា ហើយត្រូវបានចាត់ទុកជាការបោះជំហានដ៏សំខាន់មួយ ក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជាក្នុងការកែប្រែមុខមាត់កម្ពុជា ក្នុងវិស័យនាវាចរណ៍ និងការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្ររបស់កម្ពុជាផងដែរ»។
សូមបញ្ជាក់ថា ផ្លូវទឹកប្រវត្តិសាស្រ្តមួយខ្សែនេះឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ហើយត្រូវបានរចនាឡើងសម្រាប់នាវាដែលមានទម្ងន់ផ្ទុករហូតដល់ ៣ ០០០ DWTទៅ-មក និងជៀសគ្នាបានដោយសុវត្ថិភាព។
គម្រោងនេះនឹងបង្កើតបណ្តាញផ្លូវទឹកក្នុងស្រុកមួយ ដែលមានភាពប្រទាក់ក្រឡា និងតភ្ជាប់បានគ្រប់ជ្រុងជ្រោយ ព្រមទាំងចូលរួមបំពេញ បន្ថែមចន្លោះប្រហោងមួយចំនួន នៅក្នុងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក និងសមុទ្ររបស់កម្ពុជា នាពេលបច្ចុប្បន្ន និងបង្កើនប្រសិទ្ធភាព កាត់បន្ថយចម្ងាយ និងតម្លៃដឹកជញ្ជូន ធានាភាពប្រកួតប្រជែង ធានាឯករាជ្យភាព និងសុវត្ថិភាពនៃការដឹកជញ្ជូនតាមប្រព័ន្ធផ្លូវទឹក និងតភ្ជាប់ត្រង់ពីបណ្តាញ ទន្លេមេគង្គទៅសមុទ្រ។
នៅពេលគម្រោងនេះបញ្ចប់ នឹងចូលរួមលើកកម្ពស់ការតភ្ជាប់បណ្តាញផ្លូវទឹកក្នុងប្រទេសទៅសមុទ្រជាតិនិងអន្តរជាតិ, ពន្លឿនការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ជំរុញការធ្វើពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាពនិងភាពងាយស្រួល រវាងកម្ពុជាទៅកាន់តំបន់នានាដែលជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ខ្លួន ជាពិសេសធានាចីរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។
គម្រោងនេះក៏នឹងផ្តល់អត្ថប្រយោជន៍រួមមាន៖ ការជំរុញ និងអភិវឌ្ឍន៍ វិស័យគ្រប់គ្រង ធនធានទឹក ប្រព័ន្ធធារាសាស្រ្ត កសិកម្ម ទេសចរណ៍ ពាណិជ្ជកម្ម នគរូបនីយកម្ម សំណង់ និង ការវិនិយោគសំខាន់ៗ ហើយគម្រោងនេះនឹងជួយកម្ពុជា ឱ្យសម្រេចចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេស មានប្រាក់ខ្ពស់នៅឆ្នាំ ២០៥០ តាមរយៈការបង្កើនផលិតភាព កសិកម្មសួនឧស្សាហកម្ម ទេសចរណ៍ កាត់បន្ថយថ្លៃ ដើមដឹកជញ្ជូន និង ឡូជីស្ទីក បង្កើនការតភ្ជាប់បណ្តាញ ដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ បង្កើតការងារថ្មីៗជាច្រើន ជូនប្រជាពលរដ្ឋ និង ជំរុញការអភិវឌ្ឍ និងវិនិយោគពហុវិស័យ សម្រាប់តំបន់នានា តាមបណ្តោយខ្សែផ្លូវទឹកមួយនេះ៕
