ព័ត៌មានជាតិ

អាជ្ញាធរមីន ៖ កាចែករំលែកបទពិសោធន៍ និងជំនាញសកម្មភាពមីន របស់កម្ពុជា កើតចេញដោយកម្ពុជា យល់ច្បាស់ ពីការរងគ្រោះ និងការឈឺចាប់បង្កដោយមីន

ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានគូសបញ្ជាក់ថា ក្នុងនាមកម្ពុជាជាប្រទេស ធ្លាប់រងគ្រោះធ្ងន់ធ្ងរដោយសារមីន កម្ពុជាបានក្លាយជាប្រទេសឈានមុខគេ ក្នុងសកម្មភាពមីនសកល និងតែងតែចែករំលែកបទពិសោធន៍ និងជំនាញរបស់ខ្លួន ទៅកាន់បណ្តាប្រទេសនានា ជុំវិញពិភពលោក ដើម្បីរួមចំណែកសម្រេចបានសន្តិភាព និងស្ថិរភាពក្នុងពិភពលោក។

កាចែករំលែករបស់កម្ពុជា កើតចេញដោយកម្ពុជាយល់ច្បាស់ អំពីការរងគ្រោះនិងការឈឺចាប់បង្កដោយមីន និងមិនចង់ឃើញប្រទេស ឬជាតិសាសន៍ណាមួយ រងគ្រោះដោយដូចកម្ពុជា។

ការលើកឡើងបែបនេះបន្ទាប់ លោក លី ធុជ ត្រូវបានចាត់តាំងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួម និងថ្លែងសុន្ទរកថា ក្នុងសន្និសីទស្តីពីសកម្មភាពមីនអ៊ុយក្រែនឆ្នាំ២០២៥ ដែលរៀបចំឡើង ដោយរដ្ឋាភិបាល នៃប្រទេសជប៉ុន នៅថ្ងៃទី២២ ដល់ ២៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងនាមជប៉ុនជាប្រធាន កិច្ចប្រជុំរដ្ឋភាគីលើកទី២២ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។

លោក បានថ្លែងជូនអង្គសន្និសីទដែរថា កម្ពុជាធ្លាប់ទទួលរងគ្រោះធ្ងន់ធ្ងរដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ប៉ុន្តែ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងឆន្ទៈខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន តែងតែចាត់ទុកការងារបោសសម្អាតមីន ជាបេះដូងស្នូល នៃការអភិវឌ្ឍប្រទេសជាតិ ។

កម្ពុជាបានប្រែក្លាយ ជាប្រទេសឈានមុខ ក្នុងសកម្មភាពមីនសកល ដោយបានប្រែក្លាយដីរងគ្រោះ ទៅជាដីមានសុវត្ថិភាព សម្រាប់ការរស់នៅ និងអភិវឌ្ឍនិងបានចូលរួមចែករំលែកបទពិសោធន៍ និងជំនាញរបស់ខ្លួនទៅកាន់ប្រទេសនានា នៅក្នុងពិភពលោក ដែលរួមទាំងប្រទេសអ៊ុយក្រែនផងដែរ ដើម្បីចូលរួមសម្រេចបានសន្តិភាព និងស្ថិរភាពក្នុងពិភពលោក។

លោក លើកឡើងថា សកម្មភាពមីន គឺមិនមែនត្រឹមតែ ជាការបោសសម្អាតមីននោះទេ តែជាការផ្តល់នូវឱកាសថ្មី សម្រាប់ការកសាងឡើងវិញ វិស័យកសិកម្ម វិស័យអប់រំ និងការអភិវឌ្ឍប្រកបដោយចីរភាព។ លោក បានគូសបញ្ជាក់ថា ការចូលរួមចែករំលែករបស់កម្ពុជា កើតចេញដោយកម្ពុជាយល់ច្បាស់អំពីការរងគ្រោះ និងការឈឺចាប់បង្កដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងមិនចង់ ឃើញប្រទេស ឬជាតិសាសន៍ណាមួយ រងគ្រោះដោយសារអាវុធ ដ៏ព្រៃផ្សៃនេះឡើយ ហើយការចូលរួមរបស់កម្ពុជា ក្នុងសកម្មភាពមីនសាកល ប្រកាន់ខ្ជាប់ទៅតាមគោលការណ៍មនុស្សធម៌ និងមិនមាននិន្ននាការនយោបាយ ណាមួយឡើយ។

លោកទេសរដ្ឋមន្ត្រី បានថ្លែងថា ទោះកម្ពុជាបានបញ្ចប់ តួនាទីជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ កម្ពុជានៅតែមាន មោទនភាព ដែលបានដឹកនាំរៀបចំ និងដាក់ចេញនូវផែនការ សកម្មភាពសៀមរាប-អង្គរឆ្នាំ២០២៥-២០២៩ ដែលជាផែនទីបង្ហាញផ្លូវសកម្មភាពមីនសាកល ហើយកម្ពុជា នៅតែបន្តប្តេជ្ញាគាំទ្រសម្មភាពមីនសាកល តាមរយៈការផ្តល់ជំនួយបច្ចេកទេស ការកសាង សមត្ថភាព ការចូលរួមក្នុងបេសសកម្មរក្សា សន្តិភាពរបស់អង្គការ សហប្រជាជាតិ និងការគាំទ្រ ដល់សហគមន៍រងគ្រោះ៕

To Top