ព័ត៌មានជាតិ

គ.ប.ផ.ក និងសមាគមសហពន្ធ័ ការពារអ្នកប្រើប្រាស់នៅកម្ពុជា រួមគ្នាផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធ និងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ដល់សុខភាពនិងសង្គម

ភ្នំពេញ៖ ដើម្បីលើកកំពស់ យល់ដឹងបន្ថែម ពីផលប៉ះពាល់ និងគោលការណ៍ច្បាប់ពាក់ព័ន្ធនានា នៃផលិតផលក្លែងក្លាយ គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គបផក) បានសហការ ជាមួយសមាគមសហពន្ធ័ការពារអ្នកប្រើប្រាស់នៅកម្ពុជា និងសមាគមសហពន្ធ័វិនិយោគិនកម្ពុជា បានរួមគ្នាធ្វើការផ្សព្វផ្សាយច្បាប់ពាក់ពន្ធ័របស់កម្ពុជា និងផលិតផលក្លែងក្លាយ​ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ ដល់សុខភាពនិងសុវត្ថិភាពសង្គម ។

ពិធីនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក នៅ លក្ខណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មការ ប្រយុទ្ធប្រឆាំងផលិតផលកន្លែងក្លាយ ដែលបង្កគ្រោះ ថ្នាក់ មានហានីភ័យខ្ពស់ ដល់សុខភាពនិងសុវត្ថិភាពសង្គម (គបផក)។

ក្នុង​ឱកាសនេះ ឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា​ និងជាប្រធានសមាគមសហព័ន្ធការពារអ្នកប្រើប្រាស់នៅកម្ពុជា បានចាត់ទុកពិធីនេះ ជាសក្ខីភាពបង្ហាញពីការយកចិត្តទុកដាក់ ពីបញ្ហាសុខភាពរបស់អ្នកប្រើប្រាស់ ពីសំណាក់ គបផក ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល។

តាមការសន្និដ្ឋាន របស់ឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្ម និងម្ចាស់ផលិតផលទាំងអស់ យល់ច្បាស់អំពី ផលិតផល ខូចគុណភាព ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម នោះពួកគាត់ និងចូលរួមពង្រឹងគុណភាព សុវត្ថិភាព លើផលិតផល ស្របទៅនឹងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាច់ចង្កូតនាវាកម្ពុជា ឆ្ពោះទៅចក្ខុវិស័យ ឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

ទោះយ៉ាងណាក្តី ឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព ក្រៅពីបានលើកឡើងពីសកម្មភាពការងារ​ ដែលសមាគមបានអនុវត្តកន្លងមក តាមរយៈពិធីនេះបានសំណូមពរដល់ គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម សមាគមសហព័ន្ធវិនិយោគិនកម្ពុជា សមាគមសហព័ន្ធការពារអ្នកប្រើប្រាស់នៅកម្ពុជា និងក្រសួង ស្ថាប័ន អង្គភាពដែលពាក់ព័ន្ធ ត្រូវបន្តធ្វើការផ្សព្វផ្សាយ ឱ្យបានជ្រួតជ្រាប។ បន្តធ្វើការបណ្តុះបណ្តាលដល់រូបវន្តបុគ្គល នីតិបុគ្គល អ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់ ឱ្យយល់ដឹង អំពីរបៀបរបបនៃការចុះបញ្ជីផលិតផល។ បន្តធ្វើការផ្សព្វផ្សាយដល់ ខេត្ត ក្រុង ស្រុក ខណ្ឌ និងតាមក្រសួង ស្ថាប័ននានា ដែលពាក់ព័ន្ធ និងសំណូមពរដល់ គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់ សុខភាព និងសុវត្ថិភាពសង្គម ពង្រឹង និងអនុវត្តច្បាប់ចំពោះបុគ្គល ឬក្រុមហ៊ុនដែលមិនសហការគោរពច្បាប់។

បើតាមប្រសាសន៍ លោក នៅ លក្ខណា កត្តាសំខាន់ នៃការលំបាក ក្នុងការទប់ស្កាត់ផលិតផលក្លែងក្លាយ គឺការមិនបានផ្សព្វផ្សាយ និងពន្យល់ណែនាំឲ្យច្បាស់ ដល់ប្រជាពលរដ្ឋព្រោះថា ប្រសិនបើប្រជាពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃផលិផលក្លែងក្លាយ មិនត្រឹមតែខ្លួនគាត់ផ្ទាល់បញ្ឈប់ ការប្រើប្រាស់ប៉ុណ្ណោះទេ តែពួកគាត់គឺជាអ្នកផ្សព្វផ្សាយបន្ដដ៏មានឥទ្ធិពល ទៅដល់អ្នកដទៃទៀត ក្នុងការបញ្ឈប់ការប្រើប្រាស់ ផលិតផលក្លែងក្លាយ។ ក្នុងន័យនេះ លោកថា អ្នកផ្ដល់ឲ្យគេប្រើប្រាស់ មុននឹងផ្ដល់ផលិតផលឲ្យគេប្រើប្រាស់ តើផលិតផលទាំងនោះបានផ្ដល់ផលប៉ះពាល់ ដល់គេឬទេ? តែបើគិតតែផលចំណេញរបស់ខ្លួនឯង តែមិនគិតពីផលប៉ះពាល់នៃការប្រើប្រាស់ របស់អ្នកដទៃនេះទើបជាបញ្ហាធំ ដែលត្រូវចេះស្វែងយល់ និងភ្ញាក់រលឹកដោយខ្លួន​ឯង ដូច្នេះប្រសិនបើដល់ដំណាកកាលបែបនេះ ត្រូវតែអប់រំ ប្រសិនបើអប់រំមិនបានទេ ត្រូវអនុវត្តន៍ច្បាប់។

ក្នុងនោះផងដែរ លោក នៅ លក្ខណា ក្រៅពីថ្លែងអំណរគុណ ឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព ដែលបានដឹកនាំធ្វើសកម្មភាពយ៉ាងផុលផុសកន្លងមក ដែលជាទិសដៅរួម របស់ គ.ប.ផ.ក ក្នុងការទប់ស្កាត់ផលិតផលក្លែងក្លាយ និងចំណីអាហារខួចគុណភាពនោះ ក៏បានអំពាវនាវបន្ថែម ជាថ្មីទៀត ដល់សាធារណៈជនទាំងអស់ ជាពិសេសម្ចាស់អាជីវកម្មគ្រប់ប្រភេទ សូមចូលរួមគោរពច្បាប់ឱ្យម៉ឹងម៉ាត់ ចៀសវាងប្រឈមទោសទណ្ឌ និងចូលរួមសហការទាំងអស់គ្នា បង្កា ទប់ស្កាត់ ការផលិត ការនាំចូល ការស្តុកទុក ការចែកចាយ ការលក់ផលិតផលទាំងឡាយណា​ ដែលខុសទៅនឹងច្បាប់ ជាពិសេសផលិតផលក្លែងក្លាយ ចំណីអាហារផ្ទុកសារធាតុគីមីលើសកម្រិត និងឱសថគ្មានសុវត្ថិភាពជាដើម ដើម្បីរួមគ្នាការពារ ឱ្យបាននូវសុខភាពសាធារណៈ សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ និងសុវត្ថិភាពសង្គមរបស់យើងទាំងអស់គ្នា៕

To Top