ព័ត៌មានជាតិ

កម្ពុជា និងក្រូអាស៊ី នឹងពិនិត្យលទ្ធភាពបង្កើត ឱ្យមានកិច្ចសហប្រតិបត្តិការរវាងគ្នា ក្នុងវិស័យសកម្មភាពមីន

ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមសន្និសីទ ស្តីពីសកម្មភាពមីនអ៊ុយក្រែន នៅទីក្រុងតូក្រូប្រទេសជប៉ុន លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីន បានជួបពិភាក្សាទ្វេភាគីជាមួយ លោក GORDAN GRLIĆ RADMAN រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី ខណៈភាគីទាំងពីរ នឹងពិនិត្យលទ្ធភាពបង្កើត ឱ្យមានកិច្ចសហប្រតិបត្តិការ រវាងគ្នាក្នុងវិស័យសកម្មភាពមីន។

ក្នុងជំនួបនោះ លោក GORDAN GRLIĆ RADMAN បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតប្រែងក្នុងសកម្មភាពមីនមនុស្សធម៌របស់កម្ពុជា និងគ្រោងនឹងចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងវិស័យសកម្មភាពមីន តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា។

លោក GORDAN GRLIĆ RADMAN ក៏បានលើកឡើងដែរថា កម្ពុជា គឺជាទីតាំងសំខាន់ សម្រាប់ក្រូអាស៊ី ក្នុងការបង្កើនបណ្តាញទំនាក់ទំនង នៅក្នុងតំបន់អាស៊ាន ក៏ដូចជាតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល ហើយឯកឧត្តម នឹងអញ្ជើញធ្វើទស្សនកិច្ចមកកម្ពុជាដើមឆ្នាំ២០២៦ ដោយមានការចូលរួមជាមួយដោយវិនិយោគគិន និងអ្នកជំនាញពាណិជ្ជកម្ម ដើម្បីស្វែកយល់ និងបង្កើនកិច្ចសហការក្នុងវិស័យសំខាន់ៗ ដូចជា ពាណិជ្ជកម្ម ទេសចរណ៍ ថាមពល និងរួមទាំងវិស័យមីនផងដែរ ។

លោកបណ្ឌិត លី ធុជ វាយតម្លៃខ្លស់ចំពោះលោក GORDAN GRLIĆ RADMAN ក៏ដូចជាប្រទេសក្រូអាស៊ី ដែលមើលឃើញពីសក្តានុពលរបស់កម្ពុជា និងបានលើកឡើងដែរថា កម្ពុជាមានបរិយាកាសវិនិយោគអំណោយផល មានភាពប្រកួតប្រជែងខ្ពស់ និងមានបណ្តាញហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មរឹងមាំ ដែលជាលក្ខណៈពិសេសសម្រាប់ការវិនិយោគរបស់ក្រូអាស៊ី។

លោកទេសរដ្ឋមន្ត្រី លើកឡើងផងដែរថា «កម្ពុជា ត្រៀមខ្លួនរួចរាល់ ក្នុងកិច្ចសហការជាមួយក្រូអាស៊ី ក្នុងវិស័យសកម្មភាពមីន ហើយភាពជោគជ័យ បទពិសោធន៍ និងជំនាញរបស់កម្ពុជា នឹងធ្វើឱ្យកម្ពុជា ក្លាយជាដៃគូដ៏សំខាន់របស់ក្រូអាស៊ី ក្នុងកិច្ចការសកម្មភាពមីន ទាំងក្នុងតំបន់ និងទូទាំងពិភពលោក»។

To Top