ព័ត៌មានជាតិ

ក្រសួងការងារ នឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិនាដើមខែវិច្ឆិកា ខាងមុខនេះ ដោយនាំយកឱកាសការងារជាង ៣ម៉ឺនកន្លែង

ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា នឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិនាដើមខែវិច្ឆិកា ខាងមុខនេះនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ដោយនាំយកឱកាសការងារជាង ៣ម៉ឺនកន្លែង។

កម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ ធ្វើឡើងក្រោមប្រធានបទ «វិថីឆ្ពោះទៅរកផលិតភាព៖ ផ្សារភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ» មានរយៈពេល ២ថ្ងៃ គឺថ្ងៃទី១-២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយទទួលបានការគាំទ្រពីអង្គការអន្តរជាតិខាងការងារ (ILO) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងវេសឡាញ អេឌ្យូខេសិន គ្រុប ព្រមទាំងដៃគូពាក់ព័ន្ធជាច្រើនទៀត។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២២ ខែតុលានេះ លោក​ ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥នេះ មានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាល ប្រមាណ ១៥០ ដែលមានស្តង់សរុបជាង ១៨០ ដែលនឹងដាក់តាំងបង្ហាញពីឱកាសការងារយ៉ាងច្រើនសំបូរបែប ដែលនឹងផ្តល់ឱកាសការងាររហូតដល់ជាង ៣ម៉ឺនកន្លែង ដោយក្រសួងរំពឹងថានឹងមានអ្នកចូលរួមប្រមាណជាង ៥ម៉ឺននាក់ ។

អ្នកនាំពាក្យបញ្ជាក់ថា គោលបំណងសំខាន់ៗ នៃព្រឹត្តិការណ៍ដ៏ធំនាពេលនេះ គឺដើម្បីបន្តរក្សាតុល្យភាព ក្នុងទីផ្សារការងារ តាមរយៈការជួយ ជ្រោមជ្រែងនិយោជក ដែលមានតម្រូវការជ្រើសរើស កម្លាំងពលកម្ម និងអ្នកស្វែងរកការងារ បង្កើតឱ្យមានកន្លែងជួបជុំគ្នាដ៏ធំ និងងាយស្រួលរវាងអ្នក ស្វែងរកការងារ និយោជក អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល និងដៃគូពាក់ព័ន្ធនានា ដើម្បីធ្វើការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មាន ទីផ្សារការងារ ហើយក៏មានការរៀបចំផង ដែលនូវសិក្ខាសាលាផលិតភាព ដើម្បីលើកកម្ពស់ការយល់ដឹង ស្តីពីការបង្កើនផលិតភាពការងារ ដោយមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនជំនាញជាច្រើន។

លោក សន ប៊ុនមាន ប្រធានលេខាធិការដ្ឋាន ស.ស.យ.ក រាជធានីភ្នំពេញ បានលើកឡើងថា ស.ស.យ.ក. រាជធានីភ្នំពេញ បានធ្វើជាដៃគូជាមួយនឹង NEA ចាប់តាំងពីពិព័រណ៌ការងារចាប់ផ្តើមជាលើកដំបូងមក ហើយតែងតែជួយផ្សព្វផ្សាយដើម្បីជំរុញឲ្យមានការចូលរួមកាន់តែច្រើនតាមរយៈបណ្តាញ ស.ស.យ.ក. នៅទូទាំងប្រទេសផងដែរ។

លោកចាត់ទុកពិព័រណ៍ការងារនេះ គឺជាឱកាសដ៏ល្អសម្រាប់យុវជនទៅស្វែងរកការងារ និងស្វែងយល់ពីតម្រូវការជំនាញក្នុងទីផ្សារការងារ ហើយលោកក៏បានអំពាវនាដល់យុវជនទាំងអស់ ឲ្យរៀបចំ CV ឲ្យបានច្រើនដើម្បីដាក់ពាក្យ និងសម្ភាសការងារភ្លាមៗនៅក្នុងពិព័រណ៍រយៈពេល ២ថ្ងៃ នេះផងដែរ។

លោក លី តិកហេង តំណាងសមាគម TAFTAC បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផលិតភាពការងារ នៅក្នុងទីផ្សារការងារនាពេលបច្ចុប្បន្នផងដែរ ដោយលោកបញ្ជាក់ថា ការរៀបចំពិព័រណ៍ការងារនិងផលិតភាពជាតិនេះ គឺមិនអាចមិនគិតពីប្រធានបទផលិតភាពការងារបានទេ ព្រោះក្រុមហ៊ុន រោងចក្រ សហគ្រាសដែលជ្រើសរើសបុគ្គលិកមកធ្វើការ គឺតែងតែយកចិត្តទុកដាក់លើផលិតភាព ការងាររបស់បុគ្គលិកខ្លួន។

លោកបន្តថា ពិព័រណ៍ការងារ នឹងមានការរៀបចំជាសិក្ខាសាលាផលិតភាព ដែលនឹងផ្តោតលើប្រធានបទ «វិថីឆ្ពោះទៅរកផលិតភាព៖ ផ្សារភ្ជាប់ជំនាញ បច្ចេកវិទ្យា និង ឱកាសការងារ» ដែលនឹង មានការចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ជុំវិញប្រធានបទផលិតភាព ពីសំណាក់វាគ្មិន ជំនាញជាច្រើនរូបផងដែរ ។

គួរបញ្ជាក់ផងដែរថា ពិព័រណ៍ការងារ និង ផលិតភាពជាតិ ឆ្នាំ២០២៥ ក៏នឹងត្រូវរៀបចំតាមប្រព័ន្ធអនឡាញផងដែរ ដែលអ្នកស្វែងរកការងារ ធ្វើនៅទូទាំងប្រទេស អាចដាក់ពាក្យស្វែងរកការងារធ្វើតាមប្រព័ន្ធអនឡាញបានតាមរយៈ គេហទំព័រពិព័រណ៌ការងារ https://careerfair.nea.gov.kh/ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរសព្ទ ០១៧ ៤៦៧ ៤២៣ ឬ លេខ Hotline របស់ក្រសួងការងារ ១២៩៧ ឬ ១២៨៦៕

To Top